ឯកឧត្តម គួច ចំរើន ចុះពិនិត្យការជួសជុល ករណីបាក់ក្បាលស្ពាន នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​ និង​ លោក​ ចន​ ណារិទ្ធ​៖


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យការជួសជុល ស្ពានអូគគីរចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានករណីទឹកហូរច្រោះបាក់ក្បាលស្ពានផ្នែកខាងជើង និងស៊ីរូងដីចូលទ្រូងផ្លូវប្រវែង១ម៉ែត្រ នៅថ្ងៃទី៦ ខែសីហានេះ ។ ឯកឧត្តម បញ្ជាក់ថា ការជួសជុលនេះមានការសហការរវាងក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដើម្បីទប់ស្កាត់ការកើតមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់។ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់អ្នកបើកបរទាំងអស់សូមបន្ថយលឿនត្រង់ចង់ចំណុចនេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាព ខ្លួនឯង និងអ្នកដទៃ។