រដ្ឋមន្រ្ដីក្រសួងធនធានទឹករម្លឹកអំពីបេសកកម្មស្នូលរបស់អាជ្ញាធរទន្លេសាប ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប 

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយមបានរម្លឹកអំពីបេសកកម្មស្នូលរបស់អាជ្ញាធរទន្លេសាប ដែលជាអង្គភាពថ្នាក់ជាតិមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍​ជានិរន្តរ៍នៃបឹងទន្លេសាប និងធនធានធម្មជាតិដ៏មានតម្លៃ សម្រាប់កម្ពុជាទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប កាលពី​ព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម។ នេះបើយោងតាមការចេញ​ផ្សាយ​របស់ក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន​អាជ្ញាធរ​ទន្លេសាបបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលសំខាន់ៗ និងស្មាដៃធំៗ​ជាប្រវត្តិសាស្រ្ត ដែលអាជ្ញាធរទន្លេសាបបានបំពេញ និងសម្រេចបានមកដល់ពេលនេះ ក៏ដូច​ជាបញ្ហាប្រឈមដែលបានពុះពារជម្នះកន្លងមក ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី ដើម្បីសម្រេចឱ្យបាននូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ​បឹងទន្លេសាប ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ និងសមិទ្ធផលដែលអាជ្ញាធរ ទន្លេសាប ដែលបានបំពេញនាពេលកន្លងមក និងសម្រេចបានរហូតដល់បច្ចុប្បន្ន។ ឯកឧត្ដម​បាន​​ណែនាំដល់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ត្រូវបន្តយកចិត្តទុក​ដាក់ និងខិតខំកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យ និង​សមិទ្ធ​ផលថ្មីៗទៀត ជូនស្ថាប័ន ក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ស្នើឱ្យកិច្ចប្រជុំ ត្រូវពិនិត្យឡើងវិញនូវការ​បំពេញតួនាទីភារកិច្ចកន្លងមក និងត្រូវឆ្លុះ​បញ្ចាំងនូវចំណុចខ្លាំង និងចំណុចខ្សោយ ជាមេរៀន​បទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតគូរដោះស្រាយឱ្យបាន​ទាន់​ពេល​វេលា ធ្វើយ៉ាងណាឱ្យផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០១៩ ត្រូវបានអនុវត្តន៍​ដោយជោគជ័យ និងសម្រាប់លើក​កម្ពស់ ប្រសិទ្ធភាពការងារអង្គភាព និងស្ថាប័នទាំងពេល​បច្ចុប្បន្ន និងពេលអនាគត៕

ដោយ ឡុង ស៊ីវ៉ាន់