ក្រុមអ្នកជំនាញព្រមានពីការកើនឡើងនៃចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំក្រោយនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រុមអ្នកជំនាញ ព្រមានថា បើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយទេ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ខាងមុខនេះ នឹងកើនដល់ជាង៣.២០០នាក់។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា បើសិនជាមានការទប់ស្កាត់ទាន់ពេលវេលា អត្រាគ្រោះថ្នាក់នេះនឹងថយចុះមកនៅត្រឹម១.៦០០នាក់វិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីគម្រោងរៀបចំសន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែសីហា លោកគាំទ្រចំពោះវិធានការចាំបាច់នានាដូចជា៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ជាប្រចាំទាំងយប់ទាំងថ្ងៃទៅលើការពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការប្រើទូរស័ព្ទក្នុងពេលបើកបរ ដែលអាចឈានទៅសង្រ្គោះជីវិតមនុស្សបានកើនតែច្រើនជាងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពេលទស្សវត្សរ៍បន្ទាប់។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា នៅក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៥៣៨ករណី ដោយបានសម្លាប់មនុស្ស១០៣៣នាក់ និងរបួសចំនួន៣២២៤នាក់។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ថា កំណើនគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកើតឡើងដោយសារប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្នក្នុងពេលបើកបរ។ លោកជំទាវ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញកម្លាំងសមត្ថកិច្ចចុះល្បាតនៅតាមដងផ្លូវទាំងនៅក្នុងរាជធានី និងតាមបណ្តាខេត្តទាំងយប់ទាំងថ្ងៃ ដើម្បីរង់ចាំហៅឃាត់យានយន្តដែលប្រព្រឹត្តបទល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធាវី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែសីហានេះតទៅ កម្លាំងសមត្ថកិច្ច នឹងបង្កើនការចុះល្បាតនៅតាមបណ្តាផ្លូវដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ ដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ជាដើម។ ជាមួយគ្នានេះ នឹងធ្វើការឃាត់ ម៉ូតូចំពោះអ្នកមិនពាក់មួកសុវត្ថិភាព ដោយចាប់បង្ខំឲ្យទៅរកមួកសុវត្ថិភាពពាក់ ជាមួយនឹងការ ពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១៥.០០០រៀល ចំពោះអ្នកមិនពាក់មួកសុវត្ថិភាពម្នាក់។
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិស័យឯកជន គ្រោងរៀបចំសន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដោយផ្តោតលើ«ធ្វើការរួមគ្នាដើម្បីសង្រោះជីវិត»នៅដើមខែកញ្ញាខាងមុខនេះ ក្នុងគោលបំណងប្រមូលមតិយោបល់ពីអ្នកកសាងនិងអនុវត្តគោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាលនានា ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវគោលដៅសង្គ្រោះជីវិតមនុស្ស ដែលកម្ពុជាបានប្តេជ្ញាចិត្តក្នុងអង្គការសហប្រជាជាតិឆ្នាំ២០១១-២០២០ និងក្នុងគោលបំណងជំរុញឲ្យមានការត្រៀមរៀបចំសកម្មភាពនានាក្នុងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទស្សវត្សរ៍បន្ទាប់ពីឆ្នាំ២០២១-២០៣០៕