ប្រធានាធិបតី ស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ខែសីហា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៩។ ឯកឧត្តមប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
តាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសបានអោយដឹងថាឯកឧត្តមប្រធានាធិបតី នឹងជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុង វិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើម ពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក ឯកឧត្តម នឹងអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលមជ្ឈមណ្ឌលមួយនេះទទួលអំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីឯកឧត្តមប្រធានាធិបតី ។ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនានិងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។
ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ឯកឧត្តមប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា៕