ការិយាល័យCheong W a Dae កោះប្រជុំបន្ទាន់ ស្តីពីការបាញ់រ៉ុក្កែត​របស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — ការិយាល័យបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបើកកិច្ចប្រជុំ​បន្ទាន់មួយនៃ​បណ្តារដ្ឋមន្រ្តីដែលទាក់ទងនឹងសន្តិសុខ ដើម្បីពិភាក្សាគ្នាអំពីការបាញ់មីស៊ីល​ចុងក្រោយបំផុត​របស់​កូរ៉េខាងជើងដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ។

តាមអ្នកនាំពាក្យការិយាល័យ Cheong Wa Dae លោក Ko Min-jung បានឱ្យដឹងថា​ លោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិកំពុងធ្វើ​ជាអធិបតី​ភាព​ក្នុងសម័យ​ប្រជុំ ដែលបានបើកនៅក្នុងលេណដ្ឋានក្រោមដីនៃបរិវេណប្រធានាធិបតីនៅម៉ោង ៧:៣០ នាទី​ព្រឹកនេះ ដោយមានការចូលរួមផងដែរពីរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jeong Kyeong-doo និង លោក Suh Hoon ប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ។

នៅព្រឹកថ្ងៃដដែលនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណនៅឆ្នេរ​សមុទ្រ​ខាងកើតរបស់ខ្លួនចំនួនពីរលើក ដែលជាការបាញ់លើកទី៤ ក្នុងរយៈពេលមិនដល់​ពីរ​សប្តាហ៍ផងនោះ។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយ​កាលពីថ្ងៃ​ចន្ទថា​ សហរដ្ឋអាមេរិកនៅតែបន្តតាមដានស្ថានការណ៍ ​បន្ទាប់ពីប្រទេសកូរ៉េខាងជើងបាន​អនុវត្តន៍ការបាញ់សាកល្បងមីស៊ីលលើកទី៤ របស់ខ្លួនក្នុងរយៈពេលមិនដល់ពីរសប្តាហ៍នោះ។

នៅព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន២ គ្រាប់​នៅឆ្នេរ សមុទ្រខាងកើតរបស់ខ្លួន(ម៉ោងនៅទីក្រុងសេអ៊ូល) ហើយក៏បានចេញសេចក្តី​ថ្លែង​ការណ៍មួយដោយថ្កោលទោស ចំពោះការធ្វើសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក​ ដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ។

មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា យើង​បន្តតាមដានស្ថានការណ៍នេះ នឹងកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង និងជប៉ុនរបស់យើង៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)