នាយករដ្ឋមន្ត្រី៖ វៀតណាមចង់ជំរុញកិច្ចទំនាក់ទំនង​បន្ថែមទៀតជាមួយ EU  

AKP ភ្នំពេញ  ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ខណៈដែលទទួលជួបលោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជា​តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ​សន្តិ​សុខ​នៅទីក្រុងហាណូយថ្ងៃទី៥ សីហាថា​ ប្រទេស វៀតណាមនឹងមិនបោះបង់កិច្ចខិតខំប្រឹង​ប្រែង ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ( EU ) ឡើយ។

នាយករដ្ឋមន្រ្តីលោក Phuc បាននិយាយថា ចំណងទ្វេភាគីត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍជាវិជ្ជមាន និងជាយុទ្ធសាស្ត្រក្នុងពេលបច្ចុប្បន្ន​ ដូច្នេះការពង្រឹងភាពជាដៃគូ​អឺរ៉ុប-អាស៊ាន និងការចូលរួមវិភាគទានយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក​បាននិយាយថា ភាគីទាំងពីរបានអនុវត្តន៍នូវយន្តការសហប្រតិបត្តិការជាច្រើន​ដែលមានប្រសិទ្ធិភាព ក្នុងនោះមានទាំងគណៈកម្មាធិការចម្រុះក្រោមកិច្ចព្រមព្រៀង​ភាពជា​ដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃសហភាពអឺរ៉ុប ( PCA ) និងកិច្ចពិភាក្សាស្តីពី​សិទ្ធិមនុស្សសហភាពអឺរ៉ុប-វៀតណាម ដោយបន្ថែមថា ពួកគេបាននឹងកំពុងបន្តអនុវត្តន៍កិច្ច​ព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្ត​ ស្តីពីការអនុវត្ត​ច្បាប់​     ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម (VPA / FLEGT) ។

នាយករដ្ឋមន្រ្តីបានលើកឡើង ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប-វៀតណាម (EVIPA) នឹង​បានស្នើឱ្យសភាអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដើម្បីភាគីទាំងពីរអាចដឹងអំពី​ឱកាស​សហប្រតិបត្តិការរបស់ពួកគេ ព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើ​ពាណិជ្ជកម្ម និងការវិនិយោគដោយសេរី។

លោកក៏បានណែនាំដល់សហភាពអឺរ៉ុបឱ្យបន្តជួយវៀតណាម ក្នុងការអនុវត្ត​វិធាន​ការណ៍នានា ដើម្បីលុបចោលការព្រមាន«កាតលឿង» ស្តីពីគ្រឿងសមុទ្ររបស់វៀតណាម​ នឹងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងមិនមានច្បាប់ទម្លាប់។ ក្រៅពីនេះលោកស្នើឱ្យ EU បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាម​ពង្រីក​ទីផ្សាររបស់ខ្លួននៅ EU ។

កិច្ចស្វាគមន៍របស់ EU និងការចាប់អារម្មណ៍របស់លោកស្រី Mogherini ក្នុងតំបន់អាស៊ី​អាគ្នេយ៍ នាយករដ្ឋមន្ត្រីលោក Phuc បានរំពឹងថា ទំនាក់ទំនងអឺរ៉ុប-អាស៊ាន ​និងកិច្ចសហប្រតិ​បត្តិការវៀតណាម-EU នឹងត្រូវបានពង្រឹងបន្ថែមទៀតនៅឆ្នាំ២០២០ នៅពេលដែលវៀត​ណាម​ទទួលបានតួនាទីជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (អ.ស.ប) សម្រាប់អាណត្តិ ២០២០-២០២១៕

(ប្រភពVNA: បកប្រែដោយលោក មាស សំអុល)