សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមទោះមានការព្រមានពីកូរ៉េខាងជើងក៏ដោយ

កូរ៉េខាងត្បូង៖ តាមព័ត៌មានរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា  នៅថ្ងៃចន្ទនេះ  សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមប្រចំាឆ្នំារបស់ខ្លួន  ដោយមិនអើពើនឹងការព្រមានរបស់កូរ៉េខាងជើង ដែលបាននិយាយថា ការធ្វើសមយុទ្ធយោធានេះ នឹងប៉ះពាល់ដល់ដំណើរការចរចារកម្មវិធីអាវុធនុយក្លេអ៊ែររវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

ការធ្វើសមយុទ្ធយោធារួមនេះ  កើតមានឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់កាំជ្រួចរត់ក្នុងរយៈចម្ងាយមធ្យម កាលពីប៉ុន្មានថ្ងៃមុន  ដោយប្រទេសកូរ៉េខាងជើងបានហៅការបាញ់សាកល្បងនេះ ថាជាការព្រមានមួយដល់កូរ៉េខាងត្បូង ដែលនៅតែបន្តធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រីការពារប្រទេស របស់ប្រទេសកូរ៉េខាងត្បូងបានថ្លែងប្រាប់សភាថា  ការធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិកនេះ  បានចាប់ផ្តើមឡើងនៅថ្ងៃចន្ទ  ដោយបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់កូរ៉េខាងជើង ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០៦.០៨.១៩)