រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអៈអាងពីភាពជោគជ័យនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព បានធ្វើឲ្យអត្រាមរណៈមានការថយចុះ

វិទ្យុជាតិកម្ពុជា ៖អត្ថបទ ជួន បូណា០៥ ០៨ ១៩៖

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេស ដែលបានធ្វើឲ្យអត្រាមរណៈមានការថយចុះ ។
យោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់សម្តេចក្រឡាហោមសខេង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩បានសរសេរថា លទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងរយៈពេល ១៣ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) បានបង្ហាញថា អត្រាមរណៈចំពោះអ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត បានថយចុះ ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ៥នាក់ បើប្រៀបធៀបរយៈពេល ១៣ថ្ងៃ មុនការអនុវត្តយុទ្ធនាការ ។
សម្ដេចក្រឡាហោម បានកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ ខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ចពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងយុទ្ធនាការអប់រំនិងពង្រឹងការអនុវត្តច្បាប់សំដៅធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមមធ្យោបាយទោចក្រយានយន្តទាំងអស់ពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា។
សម្តេចក្រឡាហោមបានសូមការអធ្យាស្រ័យចំពោះការដាក់ចេញវិធានការឃាត់ទុកមធ្យោបាយធ្វើដំណើរដើម្បីតម្រូវឲ្យបងប្អូនទិញឬរកមួកសុវត្ថិភាព មកពាក់ឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យបន្តដំណើរ ។
សម្តេចក្រឡាហោមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប៕