ខេត្ត បាត់ដំបង បាន ប្រកាស បើកកំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយ សាន់ ឈង ៖

ខេត្តបាត់ដំបង៖​ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាត់ដំបង បានប្រកាស បើកកំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅ ក្នុងភូមិ ស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ នៅក្នុងបរិវេណ សាលាបឋមសិក្សាជ្រៃ ស្ថិតក្នុង ឃុំ ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បាន បង្ហាញអំពី គោលការណ៍និង ឯកសារ ពាក់ព័ន្ធ ទៅនិងការអនុវត្តការកំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជី ដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ការត្រៀមលក្ខណៈចូលរួមសហការ ជាមួយក្រុមការងារវាស់វែង ពីគណៈកម្មាការវិនិច្ឆ័យ រដ្ឋបាលមូលដ្ឋាន ពី អ្នកជិតខាងដែលមានព្រំដីជាប់គ្នា ទៅតាមដំណាក់កាលនីមួយ ៗ រហូតដល់់ការរៀបចំតារាង បញ្ជីឈ្មោះបិទផ្សាយ ជាសាធារណៈ និងការចែកជូន នូវប័ណ្ណកម្មសិទ្ធិ។ លោក អ៊ូ ដារី បន្តថាការអនុវត្តការងារចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះបានឆ្លុះបញ្ចាំងឲ្យឃើញ នូវការយកចិត្តទុកដាក់អនុវត្តរបស់ក្រុមការងារ មន្រ្តីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ក្រសួងស្ថាប័ន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធគ្រប់គ្រង កាន់កាប់ នូវកម្មសិទ្ធិស្របច្បាប់ ជាផលប្រយោជន៍សម្រាប់គ្រួសារ សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕