កម្ពុជាប្រកាសឲ្យដំណើរការសេវាព្យាបាលជំងឺទឹកនោមផ្អែមលើកុមារនៅតាមមន្ទីរពេទ្យរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កម្ពុជាប្រកាសឲ្យដំណើរការសេវាព្យាបាលជំងឺទឹកនោមផ្អែមលើកុមារ នៅតាមមន្ទីរពេទ្យរដ្ឋ
ដែលជួយឲ្យឪពុកម្តាយ ឬអាណាព្យាបាលកុមារនាំកូនៗរបស់ខ្លួនទៅរកសេវាពិគ្រោះ និងថែទាំជំងឺនេះបានត្រឹមត្រូវតាមវេជ្ជសាស្ត្រ។
លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានឲ្យដឹងថា មន្ទីរពេទ្យរដ្ឋចំនួន១៤នៅតាមរាជធានី-ខេត្ត ក្នុងនោះនៅក្នុងរាជធានីភ្នំពេញចំនួន៤កន្លែង និងនៅតាមបណ្តាខេត្តចំនួន១០កន្លែង នឹងផ្តល់ការធ្វើរោគវិនិច្ឆ័យ និងយកចិត្តទុកដាក់ថែទាំដល់កុមារ មានជំងឺទឹកនោមផ្អែមប្រភេទ១ ដែលអាចកើតមានពេញមួយជីវិតលើកុមារដែលមានអាយុពី១០ឆ្នាំ ទៅដល់វ័យជំទង់។
ការដាក់ឲ្យដំណើរការនូវសេវាពិនិត្យ និងព្យាបាលកុមារមានជំងឺទឹកនោមផ្អែមនេះ គឺបន្ទាប់ពីបានទទួលការគាំទ្រនូវជំនួយបច្ចេកទេស និងសម្ភារពីកម្មវិធីគាំពារសុខភាពសង្គម របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ហៅកាត់ថា GIZ និងក្រុមហ៊ុនឯកជនមួយឈ្មោះថា Novo Nordisk សម្រាប់គម្រោងព្យាបាលទឹកនោមផ្អែមលើកុមារនៅកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ។
ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការគ្លីនិកជំងឺទឹកនោមផ្អែមលើកុមារនៅមន្ទីរពេទ្យកុមារជាតិ ព្រឹកថ្ងៃទី៥ ខែសីហានេះ លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ បានបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់ស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ និងថ្នាំអាំងស៊ុយលីនដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ បើទោះជាជំងឺនេះមិនអាចព្យាបាលឲ្យបានជាស្បះស្បើយ១០០ភាគរយ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា មូលហេតុនៃជំងឺនេះ នៅមិនទាន់គេរកឃើញថា បណ្តាលមកពីអ្វីនោះទេ ខណៈសញ្ញាសំខាន់ៗដែលគេអាចសង្ស័យលើជំងឺនេះ មានដូចជា កុមារស្រក់ទម្ងន់លឿន ផឹកច្រើន ញ៉ាំច្រើន នោមច្រើន និងអស់កម្លាំង។ លោកវេជ្ជបណ្ឌិត បន្តថា អ្នកដែលប្រឈមកើតជំងឺនេះអាចស្ថិតក្នុងក្រុមគ្រួសារមានកើតជំងឺទឹកនោមផ្អែម កត្តាសែន ការឆ្លងជំងឺប្រភេទVirusដែលទៅបំផ្លាញ់កោសិកា និងអាចបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវផងដែរ។
លោកវេជ្ជបណ្ឌិត Bernd Appelt ប្រធានកម្មវិធីគាំពារសុខភាពសង្គមរបស់អង្គការGIZ បានឲ្យដឹងថា កុមារដែលមិនបានព្យាបាលជំងឺនេះ នឹងជួយបញ្ហាដូចជា បញ្ហាសសៃឈាមបេះដូង ប៉ះពាល់សរសៃប្រាសាទ ប៉ះពាល់ដល់បាតភ្នែក ប៉ះពាល់តំរងនោម ស្ទះសរសៃឈាមតូចៗ និងបញ្ហាប្រឈមផ្សេងៗទៀត។
បើយោងតាមទិន្នន័យរបស់សមាគមន៍ទឹកនោមនៅកម្ពុជា បានបង្ហាញថា កុមារដែលជំងឺទឹកនោមផ្អែមច្រើនតែស្លាប់មុនពេលគ្រូពេទ្យរកឃើញថា មានជំងឺទឹកនោមផ្អែមប្រភេទទី១ ខណៈកុមារប្រហែល២ពាន់នាក់ដែលមានជំងឺនេះនៅមានជីវិតរស់៕
,