មនុស្សចំនួន ៥នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដី មួយកម្រិត ៦,៩រ៉ិចទ័រនៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩​ — គិតត្រឹមយប់ថ្ងៃទី៣ ខែសីហា មនុស្សចំនួន៥នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័របានកើតឡើងនៅក្នុងខេត្ត Banten របស់ប្រទេសឥណ្ឌូណេស៊ីកាលពីមួយថ្ងៃមុននេះ។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានម្នាក់បានស្លាប់ដោយសារគាំងបេះដូង និងអស់កម្លាំង ខណៈដែលម្នាក់ទៀតបានស្លាប់ដោយ សារតែភាពភ័យស្លន់ស្លោពេក។

ផ្ទះចំនួន១២២ខ្នងនៅក្នុងខេត្ត Banten រួមជាមួយផ្ទះចំនួន២២៣ខ្នងនៅក្នុងខេត្តជ្វាខាងលិចខេត្ត Bogor ខេត្ត Cianjur ខេត្ត Sukabumi និងខេត្ត West Bandung ត្រូវបានរងការបំផ្លាញដោយសារការរញ្ជួយដី។ ក្រៅពីនេះ នៅមានកន្លែងគោរពបូជា ការិយាល័យ និងសាលារៀនមួយចំនួនទៀតក៏រងផលប៉ះពាល់ផងដែរ។

មនុស្សជាង ១.០០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន។

ភ្លាមៗបន្ទាប់ពីគ្រោះរញ្ជួយដី ទីភ្នាក់ងារ BNPB បានបញ្ជូនក្រុមប្រតិកម្មបន្ទាន់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ ដែលមានដូចជាតំបន់ Lampung ខាងត្បូងតំបន់ Pandeglang តំបន់ Serang តំបន់ Lebak និងតំបន់ Sukabumi ដើម្បីគាំទ្រដល់អាជ្ញាធរក្នុងតំបន់ទាំងនោះក្នុងការវាយតម្លៃក្រោយគ្រោះមហន្តរាយ នឹងចូលរួមជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិក្នុងតំបន់ក្នុងការជួយដល់មូលដ្ឋាន។

កាលពីខែធ្នូ ឆ្នាំមុន មានរលកយក្សស៊ូណាមីមួយបានបង្កឡើងដោយការផ្ទុះភ្នំភ្លើង Anak Krakatau នៅតំបន់ Sunda Strait ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤២៩នាក់បានស្លាប់ ១.៤៥៩នាក់រងរបួស និង ១២៨នាក់ទៀតកំពុងបាត់ខ្លួន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)