សម្តេចតេជោ ថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅតែជាមូលដ្ឋានគ្រឹៈក្នុងការអភិវឌ្ឍប្រទេស

វិទ្យុជាតិកម្ពុជា លោកស្រី ផន វាសនា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅតែជាមូលដ្ឋានគ្រឹៈដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើន។ក្នុងនោះក្រសួងមហាផ្ទៃគឺជាប្រតិបត្តិករដ៏សំខាន់នៅក្នុងកិច្ចការងារនេះ។សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភីចំនួន ១៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី៥ ខែសីហានេះ។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសជាតិ មួយមិនអាចអភិវឌ្ឍន៍បាននោះទេ បើគ្មាន ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដូច្នេះទើបរាជដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម។