អភិបាលខេត្តកំពង់ចាម ជំរុញឲ្យសិស្សខិតខំរៀនសូត្រដើម្បីត្រៀមប្រលងបាក់ឌុបឆ្នាំ២០១៩នេះទទួលបានលទ្ឋផលល្អ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

អភិបាលខេត្ត កំពង់ចាម បានជំរុញ ឲ្យសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រលងទុតិយភូមិឆ្នាំ២០១៩នេះ ត្រូវធ្វើ យ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្រេចចិត្តដើម្បីទទួលបាននិទ្ទេស អេ បន្តទៅសិក្សានៅមហាវិទ្យាល័យ តាមជំនាញរបស់ខ្លួនពេញចិត្ត។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូ បំប៉នស្ម័គ្រចិត្ត និងសិស្សថ្នាក់ទី១២ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានលើកទឹកចិត្ត ដល់សិស្សា នុសិស្ស បន្តខិតខំបេជ្ញាចិត្តរៀនសូត្រឲ្យខ្លាំងពូកែ ដោយត្រូវយកនិទ្ទេសល្អ ដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ ក្នុងការកំណត់គោលដៅជីវិត ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានល្អប្រសើរបន្ថែមទៀតផង។
ឯកឧត្ដមអភិបាលខេត្ត បាន អំពាវនាវដល់អ្នក បើកកន្លែងកូពីព្រីន ត្រូវបញ្ឈប់អាជីវកម្មក្នុងថ្ងៃដំណើរការប្រលង ហើយអាជ្ញាធរខេត្តបានត្រៀមថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណមណ្ឌលប្រលង នឹងពេទ្យប្រចាំការផងដែរ។
យោងតាមរបាយការណ៍ បានអោយដឹងថា ការកំណត់មណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ នៅក្នុងខេត្តកំពង់ចាម ក្រសួង អប់រំ យុវជន និង កីឡា បានចែកចេញពីរថ្នាក់ មានថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល ស្មើនឹង១២៧បន្ទប់ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៩មណ្ឌល ស្មើរនឹង២០៩បន្ទប់ ៕