ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប ចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម

AKP សៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ -ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដោយមិនគិតថ្លៃ នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងជាច្រើនលើកមកហើយ នៅតាមបណ្ដាឃុំ និងស្រុកនៃខេត្ដសៀមរាប។ លោកបានឱ្យដឹងថា មានមណ្ឌលសុខភាពផ្តល់សេវាសុខាភិបាលជូនប្រជាពល រដ្ឋជាប្រចាំ ប៉ុន្តែការចុះមកជួយពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺបានផ្តល់នូវសេវាសុខាភិបាលមួយចំនួន ដែលនៅមណ្ឌលសុខភាពខ្លះមិនទាន់មាន។ក្រុមគ្រូពេទ្យបានអប់រំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែទាំសុខភាពជាប្រចាំ និងត្រូវប្រុងប្រយ័ត្នចំពោះការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីចៀសវាងកើតមានជំងឺផ្សេងៗ។ តាមរយៈការចុះជួយពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឃុំចាន់ស ស្រុកសូទ្រនិគមពេលនេះ គឺជាលើកទី៣ហើយ ដែលមានពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅ ពិនិត្យរោគស្រី អេកូ និងជំងឺភ្នែក ជំងឺមាត់ធ្មេញ ជំងឺកុមារ ជំងឺសន្លាក់ និងជំងឺជាច្រើនទៀត។ លោកក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នពីការកើតជំងឺគ្រុនឈាមផងដែរ ដោយលោកបានណែនាំប្រជាពលរដ្ឋថា បើកូនក្ដៅខ្លួន មានកំដៅរហូត៣៨អង្សា ក្នុងរយៈពេលពីរទៅបីថ្ងៃ សូមឱ្យប្រញាប់យកកូនទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យព្យាបាល។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សកម្មភាពដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅគ្រប់ទីកន្លែង នៅទូទាំងខេត្តសៀមរាប គឺជាការជួយលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចៀសវាងពីជំងឺផ្សេងៗ ។ ពិសេសជួយកាត់បន្ថយការចំណាយទៅលើសេវាព្យាបាល។

លោកស្រីអភិបាលរងខេត្តបានបន្ដថា ក្រុមគ្រូពេទ្យមនុស្សធម៌នេះ បានបង្ហាញថា រាជ រដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្ដទុកដាក់ពីសុខភាពប្រជាពលរដ្ឋជាសំខាន់។ លោកស្រីបានបញ្ជាក់ថា ទោះបីគ្មានក្រុមគ្រូពេទ្យចុះព្យាបាល និងពិនិត្យផ្ទាល់ក៏មានមណ្ឌលសុខភាព និងស្រុកប្រតិបត្ដិ នៅក្បែផ្ទះប្រជាពលរដ្ឋផងដែរ៕

ដោយ ឃុត សៅ