លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅខេត្តស្វាយរៀង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ -លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្ត មណ្ឌលស្វាយរៀង រួមជាមួយ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានរៀបចំពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំមូលនៅខេត្តស្វាយរៀង កាលពីរសៀលថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅទន្លេវ៉ៃកូ និងអាស្រម លោកតា គង់ យាយដើង ក្នុងខេត្តស្វាយរៀង។

ពិធីបួងសួងនេះផងដែរ ក៏ដើម្បីឧទ្ទិសដល់អ្នកសច្ចំបង់បត់ ទសបារមីវត្ថុស័ក្តិសិទ្ធិក្នុងនិគមខេត្តស្វាយរៀង ជាពិសេស ទសបារមីរបស់លោកតាគង់ យាយាដើង ដែលអ្នកស្វាយ រៀងមានជំនឿយ៉ាងខ្លាំង ក្នុងការបួងសួងសុំនូវអ្វីផ្សេងៗ ហើយក៏តែងតែសម្រេចបានតាមបំណងប្រាថ្នារបស់អ្នកដែលបានស្នើសុំផងដែរ។

ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា  ក៏ដូចជាជូនពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕

ដោយ សួស សំរិត