សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននគរបាលជាង១.៤០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ
បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភីចំនួន ១,៤៦៥នាក់ នៅបណ្ឌិត្យ សភានគរបាលកម្ពុជា។


តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍ឯកឧត្តមនាយឧត្តមសេនីយសាស្រ្តាចារ្យ
សេងផល្លី ប្រធានបណ្ឌិត្យស ភានគរបាលកម្ពុជា ឲ្យដឹងថា
បច្ចុប្បន្ននេះបណ្ឌិតសភានគរបាលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងកំណែទម្រង់យ៉ាងសកម្មលើការងារសំខាន់ៗ ទាក់ទងនឹងការដឹកនាំគ្រប់គ្រងនិងការបណ្ដុះបណ្ដាលដែលមានការផ្លាស់ប្ដូរ រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ព្រមទាំងកំពុងអភិវឌ្ឍខ្លួនឲ្យមានលក្ខណៈសម្បត្តិសក្កិសមជាអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងប្រកបដោយគុណភាពកិត្យានុភាពនិងឧត្ដមភាពស្របតាមស្តង់ដារកំណត់ហើយអាចប្រៀបធៀបបានជាមួយអង្គភាពបណ្ដុះបណ្ដាលនគរបាលនៃប្រទេសជឿនលឿននានាក្នុងក្របខណ្ឌអាស៊ាននិងតំបន់។


បណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការបណ្ដុះបណ្ដាលជំនាញឯកទេសសំខាន់ៗ រួមមាន
១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ លើ ជំនាញនគរបាលយុត្តិធម៌ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ជំនាញសន្តិសុខ ជំនាញនគរបាលព្រំដែន ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញគ្រប់គ្រងដឹកនាំបញ្ជាជំនាញគ្រប់គ្រងពន្ធនាគារ និងជំនាញព័ត៌មានវិទ្យានិងភាសាបរទេស ចាប់ពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ២០១៩ ឆមាសទី១ ក្នុងរយៈពេល១២ឆ្នាំ ចំនួននិស្សិតនាយនគរបាលបន្តវេនជ័យលាភីចំនួនសរុប ២៣៩៧នាក់ ក្នុងនោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះមានចំនួន៤៩៥៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី ៥-៦ សរុបចំនួន១៨០នាក់ថ្នាក់បរិញ្ញាបត្រជំនាន់ទី៥ ៦ ៧ ៨ និង ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ជំនាន់ទី១ សរុបចំនួន៣១៩នាក់។


២.វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញឯកទេសខ្លីៗសម្រាប់សិក្ខាកាមនិងសិស្សនាយនគរបាល និងនាយនគរបាលរង ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ ២០១៩ ឆមាសទី១ ក្នុងរយៈពេល១២ឆ្នាំ ចំនួនសរុប ៤២.៥២៣នាក់ ក្នុងនោះសិក្ខាកាមជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រនាពេលនេះចំនួន៩៦៦នាក់។
ដោយឡែកក្នុងឆមាសទី ២ ឆ្នាំ ២០១៩នេះ មាននិស្សិតចំនួន ៦១២នាក់ សិក្ខាកាម ចំនួន ៥០៦នាក់ និងសិស្សនាយនគរបាលនិងនាយនគរបាលរងកំពុងសិក្សានៅតាមសាលានគរបាលជាតិភូមិភាគទាំង៦ ចំនួន៨៩៥នាក់។
សូមបញ្ជាក់ថា បណ្ឌិត្យសភានរគបាលកម្ពុជា គឺជាស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស ស្របតាមតម្រូវការរបស់សង្គមជាតិ និងស្តង់ដារគុណភាពដែលបានកំណត់៕