អ្នកជំនាញសុខភាពនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ លើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនកើតជំងឺក្រពះ

AKP សៀមរាប ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ — ថ្លែងនៅក្នុងសិក្ខាសាលា ស្ដីពីការ​ ការពារ និងការស្វែងរកជំងឺម​ហា​​រីកក្រពះ ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់ និងលំពែង  ដែលធ្វើឡើងនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិត ខាំ សោភា អ្នកជំនាញឯកទេសថ្លើម និងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ភ្នំពេញនិងអង្គរ បានឱ្យដឹងថា ដើម្បីឱ្យប្រជាពលរដ្ឋចៀសផុតពីការ កើតជំងឺធ្ងន់៣ប្រភេទរួមមាន ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រម៉ាត់, ជំងឺលំពែង និងជំងឺមហារីកក្រពះមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្ដីពី « ការពារនិងស្វែងរកជំងឺមហារីកក្រពះ ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់, ជំងឺលំពែង ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បញ្ច្រាបចំណេះដឹង ឱ្យកាន់តែយល់ច្បាស់ពីវិធីការពារ កុំឱ្យកើតមានជំងឺទាំងនេះ និងពីវិធីសាស្រ្ដព្យាបាលឱ្យមានប្រសិទ្ធភាព។

លោកបានបន្ដថា ជំងឺទាំង៣ប្រភេទនេះជាជំងឺធ្ងន់ធ្ងរ បើសិនរករោគវិនិច្ឆ័យមិនទាន់ពេលវេលា និងវិធីសាស្ដ្រ មិនបានត្រឹមត្រូវនោះ វាអាចប៉ះពាល់ដល់ជីវិត។ លោកបានបន្ដថា ការប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋពីជំងឺនេះ ដោយសារសារពួកគាត់ខ្វះការយល់ដឹង ដូច្នេះហើយបានជាមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរតែងតែផ្ដល់ចំណេះដឹង ក៏ដូចជាវិធីការពារជាដើម។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺនេះកើតច្រើន មិនថាក្នុងប្រទេសកម្ពុជា ឬប្រទេសថៃឡើយ ទាំងនេះដោយសារការមិនទទួលបាន ការយល់ដឹងគ្រប់គ្រាន់ពីការពារអំពីជំងឺនេះ។

លោកថា វិធានការការពារកុំឱ្យកើតជំងឺនេះគឺ៖ ឧស្សាហ៍មកមន្ទីរពេទ្យពិនិត្យសុខភាព, ចៀសវាង ឬឈប់ការទទួលទានបារី, ស្រា ឬទទួលទានអាហារដែលធ្វើឱ្យបង្កមានខ្លាញ់ច្រើន ឈប់ប្រើប្រាស់ថ្នាំពេ​ទ្យ​ផ្តេសផ្តាស និងត្រូវទទួលទានអាហារឱ្យបានទៀងទាត់។

លោក ហែម ចាន់ដារ៉ា ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនទៀត ដែលចូលរួមសិក្ខាសាលានេះ បានឱ្យដឹងថា ពួកគាត់ពេញចិត្ដចំពោះមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដែលបានផ្ដល់ចំណេះដឹងដល់ពួកគាត់។លោកបានបន្ដថា លោកក៍ចង់ឱ្យមន្ទីរពេទ្យរដ្ឋនិងឯកជនផ្សេងទៀតផ្ដល់វិធីការពារនៃការកើតជំងឺផ្សេងៗ​ទៀតដូចមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរនេះដែរ។

វេជ្ជបណ្ឌិតជនជាតិថៃ លោក ណារិន តារ៉ា ប្រធានមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ភ្នំពេញនិងអង្គរបានឱ្យដឹងដែរថា មន្ទីររ៉ូយ៉ាលភ្នំពេញ និងរ៉ូយ៉ាល់អង្គរ ដែលជាមន្ទីរពេទ្យដ៏ល្បីមួយជាទីទុកចិត្តសម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ហើយបានចូលខ្លួនមកចែករំលែកចំណេះដឹងក្នុងការបង្ការការពារជំងឺមហារីកក្រពះ ពោះវៀនជាដើម ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺឱ្យបានយល់ដឹងពីបញ្ហាសំខាន់នេះ។ លោក វេជ្ជបណ្ឌិតបានបន្តថា អ្នកជំងឺអាចពិគ្រោះយោបល់ផ្ទាល់ជាមួយ លោកវេជ្ជបណ្ឌិត និងព្យាលនៅមន្ទីរពេទ្យនេះបាន ព្រោះមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យទំនើបៗដែលជាទីទុកចិត្ដបានដល់ពលរដ្ឋកម្ពុជា ៕

ដោយ ឃុត សៅ