ក្រសួងធនធានទឹក៖ ផ្ទះប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ពិសេសកំណាត់ផ្លូវជាតិលេខ៤ អាចលិចលង់ដោយសាភ្លៀងធ្លាក់ បន្តបន្ទាប់

វិទ្យុជាតិកម្ពុជា៖ដោយលោក ជួន បូណា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ផ្ទះប្រជាពលរដ្ឋមួយចំនួន រួមនឹងហេដ្ឋារចនាសម្ព័ន្ធ ពិសេសកំណាត់ផ្លូវជាតិលេខ៤ អាចឈានទៅលិចលង់ដោយសាភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីអាកាសធាតុ របស់ក្រសួងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែសីហា នឹងមានឥទ្ធិពលនៃខ្យល់មូសុងនិរតី បានធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាហេតុអាចបណ្តាលឲ្យ លិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ពិសេសកំណាត់ផ្លូវជាតិលេខ ៤។

ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលនេះ ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី និងរលកមានកម្ពស់ពី ១-២ ម៉ែត្រ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមលក្ខណៈទុកជាមុន៕