មន្ត្រីជំនាញផ្នែកបច្ចេកទេសទំនប់វ៉ារីអគ្គិសនីសេសានក្រោម២ ហាមប្រជាពលរដ្ឋ ធ្វើនេសាទនៅខាងក្រោមទំនប់

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

មន្ត្រីជំនាញផ្នែកបច្ចេកទេសទំនប់វ៉ារីអគ្គិសនីសេសានក្រោម២ប្រកាសហាម ប្រជាពល រដ្ឋមិនអោយចូលធ្វើនេសាទ នៅខាងក្រោមទំនប់ ព្រោះវាជាតំបន់ងាយរងគ្រោះ នៅពេលទឹកហូរខ្លាំង អាចគួចបណ្តាលឱ្យលិចទូកស្លាប់មនុស្ស ភ្លាមៗបាន។
លោកឆាយ មេង តំណាំងឱ្យក្រុមហ៊ុនទំបន់វ៉ារីអគ្កិសនីសេសានក្រោម២បានបញ្ជាក់ថា៖នៅខាងក្រោមទ្វារទឹកទំនប់នេះសំបូរត្រីច្រើន ហើយប្រជាអ្នកនេសាទចេះតែលបលួចចូលមកធ្វើនេសាទត្រី ទោះបីផ្នែកជំនាញបច្ចេកទេស ដាក់សញ្ញាហាមឃាត់យ៉ាងណាក៍ដោយ។លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធជួយបង្កើនការអប់រំដល់ប្រជាអ្នកនេសាទបន្ថែមទៀត ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ នៅជិតតំបន់វ៉ារីអគ្គិសនីនេះ ព្រោះកន្លងមកមានអ្នកនេសាទស្លាប់ម្នាក់រួចមកហើយ។
សម្លេង៖បើសិនជាពួកគាត់ នៅតែបំពានចូលទៅក្នុងតំបន់នេះវាប៉ះពាល់គ្រោះថ្នាក់ដល់គាត់ ទី២ប៉ះពាល់ទៅដល់មច្ឆជាតិដែលគាត់នៅកន្លែងហ្នឹង ហើយគាត់មានផ្លូវត្រីមួយទៀត សូម្បីតែផ្លូវត្រីក៍គាត់ រំលោភបំពានដាក់អួន បិទផ្លូវត្រីទាំងស្រុងតែម្តង ដែលនេះជាសកម្មភាពមួយវាប៉ះពាល់ទៅដល់ដែន អភិរក្សត្រីហើយវាបង្កភាពគ្រោះថ្នាក់ទៅដល់ពួកគាត់ដែរ។
លោកវង្ស សាវឿន នាយ រង ខណ្ឌជលផលខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ស្ថិតក្នុងស្ថានភាពបែបនេះ ពិតជាអាចបង្កគ្រោះថ្នាក់មែន ព្រោះតំបន់នេះកម្លាំងទឹកហូរខ្លាំងហួសកម្រិត ហើយការហាមឃាត់របស់ក្រុមហ៊ុនក៍មានគោលបំណងល្អ ដូចអាជ្ញាធរមូលដ្ឋានដែរ ។លោកអះអាងថា៖បំរាមនេះផ្នែកជលផលតែងតែ បានផ្សព្វផ្សាយជួនប្រជាអ្នកនេសារជាច្រើនលើកច្រើនសាររួចមកហើយ ដើម្បីកុំឱ្យបងប្អូនយើងជួបគ្រោះថ្នាក់ដោយសារការមកធ្វើនេសាទនៅជិតទីនេះ។
សម្លេង៖ចំពោះឧបទ្ទវហេតុបើសិនជាកើតមានដោយចៃដន្យណាមួយ គឺវាអាចមានគ្រប់ពេលដែលខាងទំនប់គាត់មានការបិទបើកម៉ូបីន ផ្លាស់ប្តូណាមួយអញ្ចឹង ខាងជំនាញគេមិនអាច អនុញ្ញាតិឲ្យចូលឡើយ ដូច្នេះយើងខ្ញុំក៏ធ្លាប់បានទាក់ទងអាជ្ញាធរមូលដ្ឋានតាមលំដាប់ថ្នាក់ ដើម្បី គាត់ធ្វើការផ្សព្វផ្សាយបន្ត អំពីការហាមនេះជាច្រើនលើកច្រើនសាមកហើយ ។
លោកស្លេះ វីន អ្នកនេសាទនៅតំបន់នេះបានបញ្ជាក់ថា៖ប្រជាអ្នកនេសាទធ្លាប់បានទទួលការណែនាំបានគ្រប់ៗគ្នាហើយ តែនៅតំបន់ក្រោមទំនប់វ៉ារីនេះបងប្អូនមករកត្រីទៀត តែ គ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ ទើបចេះតែនាំគ្នាមករកនៅទីនេះ។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនទំនប់វ៉ារីអគ្គិសនីសេសានក្រោម២បានកំណត់តំបន់ហាមចូលធ្វើនេសាទខាងក្រោមទំនប់ចម្ងាយប្រវែង1000ម៉ែត្រ-ខាងលើទំនប់ប្រវែង1000ម៉ែត្រដូចគ្នាហើយក្រុមហ៊ុនក៍បានធ្វើសេចក្តីជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធឱ្យផ្សព្វផ្សាយដល់ប្រជាអ្នកនេសាទរួចមកហើយដែរ៕