មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឲ្យនិស្សិតរួបរួមគ្នាថែរក្សាបរិស្ថាន

វិទ្យុជាតកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា បានជំរុញឲ្យនិស្សិតរួបរួមគ្នាថែរក្សាបរិស្ថាន ដើម្បីធានាឲ្យបរិស្ថានល្អ និងមនុស្ស សត្វនៅលើភពផែនដីកាន់តែមានសុខុមាលភាពល្អប្រសើរ។

ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការរួមរួបគ្នារបស់យុវជនក្នុងការលើកកម្ពស់លើបរិស្ថាន គឺជារឿងសំខាន់ដែលយើងសង្ឃឹមថា ទៅថ្ងៃអនាគត បញ្ហាបរិស្ថាននឹងមានភាពល្អប្រសើរបន្ដិចម្ដងៗ។

ការជំរុញនេះធ្វើឡើងក្នុងវេទិការបរិស្ថាននិស្សិតអាស៊ី ស្ដីពីបរិស្ថានធម្មជាតិប្រវត្ដិសាស្រ្ដវប្បធម៌ និងគុណតម្លៃ នាព្រឹកថ្ងៃទី ២ខែសីហា នៅអគារកិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុនCJCC។

ឯកឧត្ដមបានបញ្ជាក់ថា បញ្ហាបរិស្ថានគឺជាចំណុចមួយយ៉ាងសំខាន់នៅលើពិភពលោក ដែលទាមទារឲ្យយុវជននៅតំបន់អាស៊ីត្រូវតែរួបរួមគ្នាថែរក្សាបរិស្ថាន ខណៈបច្ចុប្បន្ន បរិស្ថានកំពុងតែមានការប្រែប្រួល និងកំពុងមានក្ដីបារម្ភដល់មនុស្ស សត្វ និងធម្មជាតិ ។

កញ្ញា ចាវ ទឹដ្ឋដានីន និស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការថែរក្សាបរិស្ថាន គឺជារឿងល្អបំផុត ដែលយុវជនត្រូវខិតខំរួមគ្នាថែរក្សាឲ្យបានល្អ ហើយប្រសិនបើបរិស្ថានមិនល្អ និងកខ្វក់ នឹងធ្វើឲ្យជីវិតមនុស្ស សត្វរស់នៅក៏គ្មានក្ដីសុខនោះឡើយ។

កញ្ញាបន្ដថា ក្រុមយុវជននៅតំបន់អាស៊ីចំនួន១០ប្រទេស នឹងចូលរួមផុសទៅដល់កុមារតាមរយៈការដាំដើមឈើ និងបណ្ដុះឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានធម្មជាតិមានភាពបៃតងស្អាតជានិច្ច។

សូមបញ្ជាក់ថា និស្សិតអាស៊ីដែលចូលរួមថែរក្សាបរិស្ថានេះ មានដូចជា កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វ៊ីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្សសកម្ម ដែលមានទស្សនវិស័យជាសកលនៅក្នុងវិស័យបរិស្ថាន ដើម្បីផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ីជាច្រើននាក់បានជួបជុំគ្នានិងធ្វើការលើបញ្ហាបរិស្ថាន រួមទាំងផ្លាស់ប្តូរយោបល់ក្នុងអំឡុងពេលសិក្សាអំពីបរិស្ថានធម្មជាតិ ប្រវត្តិសាស្ត្រវប្បធម៌ និងគុណតម្លៃ ៕