និស្សិតក្នុងតំបន់អាស៊ីមកពី១០ប្រទេសជួបជុំគ្នានិយាយពីតម្លៃបរិស្ថាន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

ភ្នំពេញ៖  និស្សិតក្នុងតំបន់អាស៊ីមកពី១០ប្រទេសជួបជុំគ្នានិយាយពីតម្លៃបរិស្ថាន ដើម្បីជាសារបង្ហាញពី កង្វល់នឹងបញ្ហាប្រឈមដូចជាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការប្រែប្រួលអាកាសធាតុ ភាពស្អាតនៅក្នុងទីក្រុង ការងារអភិរក្សធនធម្មជាតិ បញ្ហាសារធាតុគីមីនិងសំណល់ និងការបំពុលដោយផ្សែងអ័ព្ទ ជាដើម។

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យល្បីៗតំបន់អាស៊ីចំនួន១០ប្រទេស ដែលចូលរួមជជែកពិភាក្សា និងធ្វើសកម្មភាពលើកកម្ពស់តម្លៃបរិស្ថាននៅក្នុងប្រទេសកម្ពុជាចាប់ថ្ងៃទី២-៦ ខែសីហានេះមានដូចជា កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វ៊ីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយពួកគេទាំងនោះបានផ្តោតការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន តាមរយៈផ្លាស់ប្តូរទស្សនៈយោបល់ក្នុងអំឡុងពេលសិក្សាអំពីបរិស្ថានធម្មជាតិប្រវត្តិសាស្ត្រ វប្បធម៌និងគុណតម្លៃ។
លោកស្រី Yuriko Mayamoto លេខាទូទៅនៃមូលនិធិបរិស្ថានអ៊ីអនជប៉ុន បានឲ្យដឹងថា វេទិកាបរិស្ថាននិស្សិតអាស៊ីស្តីពី«បរិស្ថានធម្មជាតិប្រវត្តិសាស្ត្រ វប្បធម៌និងគុណតម្លៃ» ដែលធ្វើឡើងនៅកម្ពុជានេះ មានគោលបំណងអភិវឌ្ឍន៍ធនធានមនុស្សសកម្ម ដែលមានទស្សនវិស័យជាសកលនៅក្នុងវិស័យបរិស្ថាន បន្ទាប់ពីវេទិកាបរិស្ថាននិស្សិតអាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២។
ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះសកម្មភាពរបស់និស្សិតទាំងនេះ ក្នុងការជួយជ្រោមជ្រែងឲ្យមានការស្រឡាញ់ និងថែរក្សាបរិស្ថានឲ្យមានភាពកាន់តែប្រសើរឡើងសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ។

កញ្ញា ចាវ ទិដ្ឋដានីន និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងដោយស្នើឲ្យយុវជនទាំងអស់ចូលរួមថែរក្សាបរិស្ថាន តាមរយៈការដាំដើមឈើឡើងវិញ ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពោលគឺ ធ្វើឲ្យបរិស្ថាននៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានភាពបៃតងជានិច្ច។

ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ការចូលរួមពីយុវជនដែលជានិស្សិតមកតំបន់អាស៊ី នឹងជំរុញដល់ការលើកទឹកចិត្តដល់យុវជនផ្សេងទៀត ក៏ដូចជាប្រជាជនទូទៅឲ្យនាំគ្នាចូលរួមស្រឡាញ់បរិស្ថាន ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា វេទិកាបរិស្ថានរបស់និស្សិតអាស៊ីនៅកម្ពុជានេះ ក៏មានសកម្មភាពចុះមើលដោយផ្ទាល់នូវបរិស្ថាននៅក្នុងរាជធានីភ្នំពេញ និងដំណើរទស្សនកិច្ចទៅកាន់អង្គរទឹកដីខេត្តសៀមរាប ដើម្បីស្វែងយល់ពីការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់អង្គរ ព្រមទាំងការរួមគ្នាដាំដើមឈើនៅតំបន់នោះផងដែរ៕