វៀតណាមសង្កត់ធ្ងន់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០១ ខែសីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានចែករំលែកនូវជំហររបស់ប្រទេសជាសមាជិកអាស៊ានអំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន – សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន – អាម៉េរិកដែលបានធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ។

ឧបនាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដទៃទៀតនៅអាស៊ាន ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការច្នៃប្រឌិតបច្ចេកវិទ្យា ការបន្សាំជាមួយបដិវត្តឧស្សាហកម្មលើកទី៤ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

ដោយបង្ហាញនូវការព្រួយបារម្ភចំពោះការអភិវឌ្ឍដ៏ស្មុគស្មាញនៅសមុទ្រខាងកើត លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងការជឿទុកចិត្តគ្នា ការអត់ធ្មត់ខ្លួនឯង និងការចៀសវាងពីសកម្មភាពដែលអាចធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព និងការរំលោភអធិបតេយ្យភាព ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសនៅតាមឆ្នេរ។ តំណាងរបស់វៀតណាមក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការមិនធ្វើសកម្មភាពយោធានិយម ដោយមិនប្រើកម្លាំង ឬការគំរាមកំហែងក្នុងការប្រើប្រាស់កងកម្លាំង ហើយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនូវក្រមសីលធម៌ (COC) នៅសមុទ្រខាងកើត។

លោក Saleumxay Kommasith រដ្ឋមន្រ្តីការបរទេសឡាវ ជាអ្នកសម្របសម្រួលទំនាក់ទំនងរវាង       អាស៊ាន – សហរដ្ឋអាមេរិក បានអះអាងថា សហរដ្ឋអាមេរិក និងអាស៊ាន នឹងបន្តពង្រឹងចំណងទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម កិច្ចសហប្រតិបត្តិការនៅសមុទ្រ សន្តិសុខតាមអ៊ីនធឺណែត ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម អភិបាលកិច្ចល្អ ការតភ្ជាប់ឌីជីថល ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ថាមពល អប់រំ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។

ចំពោះបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីរូបនេះបានទទួលស្គាល់នូវការរីកចម្រើនថ្មីៗនៅក្នុងកិច្ចចរចាសម្រាប់ COC ខណៈដែលលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអភិវឌ្ឍនៅលើដែនទឹក រួមទាំងការធ្វើយោធានិយម និងសកម្មភាពឯកតោភាគី ដែលប្រឆាំងនឹងច្បាប់អន្តរជាតិ នឹងធ្វើឱ្យអន្តរាយដល់ជំនឿទុកចិត្តគ្នា ដែលបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)