មន្ទីរពេទ្យគន្ធបុប្ជាមានកំណើនការពិនិត្យព្យាបាលកុមារនិងស្ត្រីមានផ្ទៃពោះរហូតដល់ជាង៣០ ភាគរយនៅក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ភ្នំុពេញ ៖ មន្ទីរពេទ្យគន្ធបុប្ជាកាន់តែមានកំណើនការពិនិត្យព្យាបាលកុមារនិងស្ត្រីមានផ្ទៃពោះរហូតដល់ជាង​៣០​ភាគ​រយនៅក្នុងឆ្នាំ២០១៩នេះ ដែលបានធានាសុខុមាលភាពជូនដល់កុមារនិងប្រជា ជនកម្ពុជាឲ្យកាន់តែល្អតាមរយៈ​ការពិនិត្​យព្យាបាល​​ជម្ងឺបានត្រឹមត្រូវ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា សមិទ្ធផលមន្ទីរពេទ្យគន្ធបុប្ជា បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យ​សុខាភិបាល ក្នុងទិសដៅកាត់បន្ថយអត្រាមរណៈរបស់កុមារនិងមាតានិងជួយគាំពារដល់​សុខមាលភាពរបស់កុមារ​ស្របតាម​គោល​នយោបាយរបស់ រាជរដ្ឋាភិបាល ។

ថ្លែងក្នុងពិធីសម្ភោធ អគារគន្ធបុប្ផា សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រយៈពេល៧ខែក្នុងឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ជា បានទទួលពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះនៅផ្នែកពិគ្រោះជំងឺក្រៅបានចំនួនជាង ៥សែន៧ម៉ឺនករណី និងព្យាបាលកុមារសម្រាកក្នុងមន្ទីរពេទ្យបានចំនួនជាងមួយ ១សែន១ម៉ឺន នាក់ កើនច្រើនជាងក្នុងឆ្នាំ ២០១៨ រហូតដល់៣០ភាគរយ ។

ចំណែកស្ត្រីសម្រាលកូនវិញមានចំនួន ១៤៤៩៥នាក់ អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យទាប ០,២៣ភាគរយ។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាទាំងមូលដែលមានបុគ្គលិកកម្ពុជាប្រមាណ២៥០០នាក់ បានបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អប្រកបដោយជោគជ័យ ដែលជាគុណប្រយោជន៍ជួយដល់សុខមាលភាពរបស់កុមារកម្ពុជា ៕