រដ្ឋបាលខេត្តក្រចេះជំរុញការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនសម្បទានិកគម្រោងបែងចែកដីដើម្បីសង្គមកិច្ចឱ្យបាន១០០ភាគរយក្នុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ សុភា វិសុទ្ធិពង្ស

ក្រចេះ៖រដ្ឋបាលខេត្តក្រចេះជំរុញការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនសម្បទានិកគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ចជំហានទី២ ហៅកាត់ថា ឡាហ្ស៊ិត២ ឱ្យបាន១០០ភាគរយក្នុងឆ្នាំនេះ ដើម្បីធានាឱ្យពួកគេក្លាយជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់ប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។  អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

លោកកៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  ខេត្តក្រចេះបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថាមន្ទីរនឹងជំរុញការចុះវាស់វែងដីធ្លីជូនសម្បទានិកដែលទទួលបានដី សម្បទានសង្គមកិច្ចនៅឃុំចំនួន៥ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ដើម្បីឈានទៅចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់ឱ្យបានមុនដំណាច់ឆ្នាំ២០១៩នេះ។

លោកបានបន្តថា មកទល់ពេលនេះ ក្រុមការងារបានចែកប័ណ្ណ និងចុះវាស់វែងដីធ្លីជូនសម្បទានិកបានចំនួន៤០ភាគរយហើយ ហើយនៅសល់ចំនួន ៦០ភាគរយទៀត ក្រុមការងារនឹងបញ្ចប់ក្នុងពេលខាងមុខខណៈដែលរដ្ឋបាលខេត្តក្រចេះត្រៀមចែកប័ណ្ណជូនដល់សម្បទានិកនៅឃុំថ្មី ស្រុកចិត្របុរី និងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាប៉ុន្មានខែខាងមុខនេះ ។

 

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ការចេញ ប័ណ្ណកម្មសិទ្ធិដីធ្លីជូនសម្បទានិកនេះ បន្ទាប់ពីពួកគាត់បានអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវរបស់គម្រោងហើយប័ណ្ណកម្មសិទ្ធិដីធ្លីនេះគឺមានតម្លៃណាស់សម្រាប់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃប៉ុន្តែរាជរដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យសម្បទានិកយកដីដែលបាននោះទៅលក់ដូរឡើយ។ឯកឧត្តមអភិបាលខេត្តបានអះអាងថា ការផ្តល់ដីជូនសម្បទានិកតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២នេះ គឺបានស្តារជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រទំាងនោះឱ្យមានដី សម្រាប់សាងសង់ផ្ទះសម្បែងរស់នៅសមរម្យ និងមានដីកសិកម្មសម្រាប់អនុវត្តការដាំដុះដំណាំផ្សេងៗ ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបន្តថា ដីសម្បទាននៅលើទីតាំងទាំងអស់ បានរៀបចំជាផែនការប្រើប្រាស់ដីលម្អិតណាស់ មានទាំងទីតាំងសាលារៀន មានមន្ទីរពេទ្យ ប៉ុស្តិ៍សុខភាព ទីផ្សារ វត្តអារាម និងមានរៀបចំកន្លែងការពារសុវត្ថិភាពដូចជាប៉ុស្តិ៍ប៉ូលីសហើយមានទីតាំងពីរកន្លែងដែលបានសិក្សារួចហើយឃើញថា អាចបង្កើតជាតំបន់ទប់ទឹកបាន និងតំបន់មួយចំនួនទៀតដែលជាដីលិចទឹក ឬជាដីទួល ប្រជាពលរដ្ឋអាចធ្វើជាកសិកម្មចិញ្ចឹមសត្វបាន ព្រោះកសិកម្មចិញ្ចឹមសត្វនេះបានផលលើសកសិកម្មដាំដុះ២ទៅ៣ដងដូចនេះប្រជាពលរដ្ឋនឹងមានទំនុកចិត្តខ្ពស់ក្នុងការបង្កបង្កើនផលចិញ្ចឹមជីវិតរបស់ពួកគាត់ ។សំឡេង «

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី ២នៅខេត្តក្រចេះបានអនុវត្តន៍នៅស្រុកចំនួន២គឺស្រុកចិត្របុរី និងសុ្រកព្រែកប្រសព្វដោយមានប្រជាពលរដ្ឋជាសម្បទានិកចំនួន២១១៩គ្រួសារ ក្នុងនោះសម្បទានិកដែលបានរស់នៅ និងអាស្រ័យផលលើដីសម្បទានសង្គមកិច្ច និងបានបំពេញគ្រប់លក្ខខណ្ឌចំនួន៧៩៩គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ពីរាជរដ្ឋាភិបាល៕