ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៣ លើកទី២

AKP ព្រះសីហនុ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក      ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៣ លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងមន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីពិភាក្សាអំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្ត ។

កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៣ ផ្ដោតលើរបៀបវីរៈចំនួន ៧ រួមមាន៖ ១- ប្រសាសន៍បើកកិច្ចប្រជុំ ។ ២-ពិនិត្យកូរ៉ុម ។ ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត ។ ៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត ។ ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ។ ៦- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ រយៈពេល១២ខែ (ខែកក្កដា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២០) ។ ៧- ប្រសាសន៍បូកសរុប ប្រកាសកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកក្រោយ ។

ឯកឧត្តម ជាម ហ៊ីម បានវាយតម្លៃ និងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហការបំពេញការងារបានល្អ តាមតួនាទី ភារកិច្ច ទទួលបានលទ្ធផលជាបន្តបន្ទាប់ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ ត្រូវបំផុសប្រជាពលរដ្ឋរៀបចំកែលម្អអនាម័យ បរិស្ថាននៅតាមលំនៅឋាន និងទីសាធារណៈ និងជំរុញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ បន្តអនុវត្តន៍ការងារការពារសន្តិសុខ សុវត្ថិភាពសង្គម ពិសេសចូលរួមលើកកម្ពស់បរិស្ថានទីក្រុងព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ៕

ដោយ ងូ សុមុនី