ទួលបុស្សភ្ញៀវ ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ជាទ្រនំសត្វត្រយ៉ងចង្កំក ស ធំជាងគេបំផុតលើពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ -តាមការផ្សាយសារអេឡិចត្រូនិក របស់អង្គការ ជីវិតសត្វស្លាបអន្តរជាតិ  Bird Life កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បង្ហាញថា​ ទួលបុស្សភ្ញៀវ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច គឺជាទ្រនំសត្វត្រយ៉ងចង្កំក ស ធំជាងគេបំផុតនៅលើពិភពលោក ដែលជាប្រភេទជិតផុតពូជបំផុត (IUCN Red List)។

ទួលបុស្សភ្ញៀវ ជាទ្រនំ និង ជាទីជម្រកដែលសម្បូរប្រភពចំណីនៅរដូវវស្សា បាននិងកំពុងទ្រទ្រង់សត្វប្រភេទនេះដល់ទៅជាង ៤០ភាគរយ នៃចំនួនសរុបមាននៅក្នុងពិភពលោក។ វាស្ថិតក្រៅតំបន់ការពារ ក្នុងទីតាំងព្រៃរិចរិលដែលមានដើមឈើងាប់ជាច្រើន ជាប់ជាមួយវាលស្រែបោះបង់ចោល និង ជាវាលស្មៅសើម ចម្ងាយប្រហែល ៦គីឡូម៉េត្រ ខាងត្បូងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ។ កាលពីខែកក្កដាកន្លងទៅនេះ សត្វត្រយ៉ងចង្កំក ស ចំនួន ២៥៣ក្បាល ក្នុងចំណោម ៣១២ក្បាល នៃដែនជម្រកសៀមប៉ាង កំពុងប្រើប្រាស់ទ្រនំទួលបុស្សភ្ញៀវនេះ ។ ក្រៅពីសត្វត្រយ៉ងចង្កំក ស ទីតាំងនេះក៏កំពុងទ្រទ្រង់ដល់ប្រភេទសត្វរងការគំរាមកំហែងជាសកលផ្សេងទៀតដូចជា សត្វត្រយ៉ងយក្ស សត្វត្រដក់តូច និងសត្វកុកពាក់ អំបោះ ជាដើម។

បច្ចុប្បន្ន តំបន់នេះកំពុងរងការគំរាមកំហែងតាមរយៈការបរបាញ់ ការទន្ទ្រានដី និងការរំខានពីមនុស្ស អាស្រ័យដោយទីតាំងស្ថិតនៅក្រៅតំបន់ការពារ។ អាស្រ័យដោយភាពពិសេស គ្មានពីរនៃទីតាំងនេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជាសូមសំណូមដល់សហគមន៍មូលដ្ឋាន អជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តស្ទឹងត្រែង និង ក្រសួង​បរិស្ថាន មេត្តាគាំទ្រ ដល់សំណើក្នុងការរៀបចំតំបន់ដ៏តូចនេះជាតំបន់ការពារថា្នក់ខេត្ត និង ចូលរួមការពារទីជម្រកនេះកុំឱ្យបាត់បង់ ៕

ដោយណយ នឿន (ប្រភព អង្គការ Bird Life)