អន្តរក្រសួងប្រជុំពិនិត្យគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ -គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល ត្រូវបានកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ (ESIA) កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី0១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល លើផ្ទៃដីទំហំ ៥៥ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក (ម្ចាស់គម្រោង) និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT CO., LTD.។

ប្រភពខាងលើបានឱ្យដឹងបន្តថា លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖ ១. អង្គប្រជុំគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ ២. ម្ចាស់គម្រោងត្រូវអនុវត្តន៍តាមអនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ ៣. ម្ចាស់គម្រោងត្រូវអនុវត្តន៍តាមអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ ៤. បញ្ហាគ្រប់គ្រងសំណល់រឹង-រាវ ម្ចាស់គម្រោងត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលមានសមត្ថភាពសម្អាតសំណល់រាវ ដោយអនុលោមតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។ ចំពោះសំណល់រឹងក៏ត្រូវរៀបចំកន្លែងទុកដាក់ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ៥. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀងឱ្យដាច់ដោយឡែកពីគ្នា។ ៦. ការប្រើប្រាស់ទឹក ម្ចាស់គម្រោងត្រូវពិចារណាជីកស្រះទឹកបន្ថែម សម្រាប់ប្រើប្រាស់ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចៀសវាងប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ។ ៧. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពកម្មករ និងនិយោជិត ដោយត្រូវបំពាក់ឧប ករណ៍ការពារសុវត្ថិភាព រៀបចំកន្លែងស្នាក់នៅ និងអាហារដ្ឋានឱ្យបានសមរម្យ។ ៨. ម្ចាស់ គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធទាំងការជ្រើសរើសកម្មករ និងកិច្ចសហការលើដំណោះស្រាយបញ្ហាផ្សេងៗ។ ៩. ម្ចាស់គម្រោងត្រូវបង្កើនមូលនិធិបរិស្ថានឱ្យបានចំនួន ១ម៉ឺនដុល្លារអាម៉េរិក ក្នុង១ឆ្នាំ។ ១០. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបានលើកឡើងទៅធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវ រួចដាក់ជូនក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ ​តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព​ អគ្គនាយកដ្ឋានពាក់ព័ន្ធ​ និង ក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣០នាក់ ៕

ដោយ ពេជ្រ ណារិទ្ធ