គណៈវិស្វករកម្ពុជាផ្តល់ឱកាសដល់បេក្ខជនវិស្វករចំនួន២៩រូបធ្វើតេស្តបញ្ចេញសមត្ថភាពមុននឹងសម្រេចឲ្យក្លាយជាសមាជិកពេញសិទ្ធិ

វិទ្យុជាតិកម្ពុ៖ ដោយលោកចេម ហួត

ភ្នំពេញគណៈវិស្វករកម្ពុជាបើកឱកាសឲ្យបេក្ខជនវិស្វករចំនួន២៩រូបធ្វើតេស្តសមត្ថភាពតាមជំនាញនីមួយៗមុននឹង​ក្លាយជាមាជិកពេញសិទ្ធិនៅគណៈវិស្វករកម្ពុជាដើម្បីងាយស្រួលក្នុងការប្រកបអាជីពស្របច្បាប់និងបំលាស់ទីការ​​ងារ ទាំងថ្នាក់ជាតិ និងតំបន់។

          ក្នុងពិធីការពារសារណារបស់បេកក្ខជនវិស្វករនៅអគ្គលេខាធិការដ្ឋាន នៃ​គណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម  លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាសមាជិកអចិន្រ្តៃន៍ក្រុមប្រឹក្សាគណៈ​វិស្វក​រ​​​​​​កម្ពុ​ជា​បានបញ្ជាក់ថា បក្ខជនដែលដាក់ពាក្យចូលជាសមាជិកនៃគណៈវិស្វករនៅពេលនេះ មានវិស្វករជំនាញ វិស្វករសំណង់អគារ ចំនួន២១នាក់ វិស្វករសំណង់ស្ពានថ្នល់ ចំនួន៦នាក់ និងវិស្វករអគ្គិសនី ចំនួន២នាក់ ដែលមកពី​ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក្រសួងថាមពល និងរ៉ែ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មន្ទីររាជធានីខេត្តជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនមួយចំនួនក្នុងស្រុក ។

ឯកឧត្តមបន្តថា គណៈវិស្វករ​កម្ពុជា​​មាន​ផែន​ការ​ការពារបីចំណុចសំខាន់ៗគឺទី១ ការចុះបញ្ជី​វិស្វករ ទី២ អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ និងទី៣ ការការពារ ​និង​ផ្តល់ឱកាសអោយមានការងារជូនដល់វិស្វករ​ជាតិនៅក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម​ដោយ​ស្រប​ច្បាប់។ ការក្លាយជាសមាជិកពេញសិទ្ធនៅគណៈវិស្វករនេះ វិស្វករទទួលបាន ការលើកកម្ពស់​សមត្ថភាព អាចប្រកបវិជ្ជាជីវៈវិស្វកម្មនៅកម្ពុជា និងមានសិទ្ធិចូលទៅចូលរួមដេញថ្លៃនៅក្រសួងសេដ្ឋកិច្ច និង​ហរិញ្ញវត្ថុថែមទៀត។  មិនតែប៉ុណ្ណោះវិស្វករជាតិក៏មានសិទិ្ធបើកក្រុមហ៊ុនខ្លួនឯងបាន ឬក៏ឈរឈ្មោះអោយក្រុមហ៊ុន ប្រកបវិជ្ជាជីវៈវិស្វកម្មដ៏ទៃទៀតក៏បាន។

ឯកឧត្តមអគ្គលេខាធិការ​គណៈវិស្វករកម្ពុជាបន្ថែមទៀតថា បន្ទាប់ពីវិស្វករជាតិទទួលបានវិស្វករអាជីពហើយ នឹងអាចបន្តទៅយកវិស្វករ អាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដែលទទួលស្គាល់ដោយអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលស្របទៅនឹង​កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងប្រទេសជាសមាជិកអាស៊ាន និងមានឱកាស​ក្នុងការ​ធ្វើ​បម្លាស់​ទី​វិស្វករឆ្លងដែនទៅប្រកបវិជ្ជាជីវៈវិស្វកម្មនៅក្រៅប្រទេសប្រកបដោយកិត្តិយស។

សូមបញ្ជាក់ថា គណៈវិស្វករកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលមានសមត្ថកិច្ចវាយតម្លៃ និងទទួលស្គាល់​សមត្ថភាពព្រមទាំងគុណភាពអ្នកប្រកបមុខរបរក្នុងវិស័យវិស្វកម្មគ្រប់ប្រភេទនៅកម្ពុជា។ គិតមកដល់ពេលនេះ វិស្វករដែលត្រូវបានគណៈវិស្វករកម្ពុជាទទួលស្គាល់មានចំនួន​ជាង ២ពាន់នាក់ ខណៈអ្នក​ប្រកប​មុខរបរក្នុងវិស័យវិស្វកម្មទាំងជាតិ ​និងអន្តរជាតិគឺនៅមានច្រើនទៀត ដែល​មិនទាន់បាន​ទៅចុះបញ្ជី​នៅគណៈវិស្វករកម្ពុជា៕