ក្រសួងប្រកាសថា៖ នៅខេត្តចំនួន៥ រយៈពេល២ថ្ងៃខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៣០៩ខ្នង

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ តាមការរាយការណ៍ពីបណ្ដាខេត្ត បានឱ្យដឹងថា​៖ មានប្រជាពលរដ្ឋចំនួន២នាក់បានរងរបួស និងផ្ទះចំនួន៣០៩ខ្នង ព្រមទាំងសាលារៀនចំនួន៣ខ្នងផ្សេងទៀតបានខូចខាត ដោយសារខ្យល់កន្ត្រាក់ ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែកក្កដា នៅក្នុងខេត្តចំនួន៥នៃប្រទេសកម្ពុជា។
ខេត្តទាំង៥ដែលបានរងគ្រោះនោះ មានខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តព្រៃវែងនិងខេត្តកណ្ដាល។
នៅក្នុងបណ្ដាញសង្គម(Face Book) ក្រសួងធនធានទឹកនិងឧតុនិយម បានអោយដឹងថា៖កាលពីរសៀលថ្ងៃទី៣១ខែកក្កដាខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣១ខ្នង នៅក្នុងឃុំព្នៅ១ស្រុកស៊ីធរកណ្តាលនិងឃុំព្រៃទទឹងស្រុកមេសាង ព្រមទាំងស្រុកពោធិរៀង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្យល់កន្ត្រាក់ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ បញ្ហាដូចគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍ពីតាមបណ្ដាខេត្តមកថា៖កាលពីថ្ងៃទី៣១ខែកក្កដានៅខេត្តស្វាយរៀង គឺខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន៩ខ្នងនៅ ឃុំសំឡីស្រុកកំពង់រោទ៌។ ចំណែកនៅឯស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺវិញ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២៥ខ្នង នៅឃុំផុង ឃុំកាត់ភ្លុក ឃុំបសេដ្ឋនិងឃុំភក្ដី ។ នៅឯខេត្តក្រចេះឯណោះវិញ គឺមានស្ថានភាពធ្ងន់ធ្ងរជាងគេ ដោយខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន២៤២ខ្នង សាលារៀនចំនួន៣ខ្នង ព្រមទាំងបណ្ដាលឱ្យមនុស្ស២នាក់រងរបួស និងដំណាំជាច្រើនហិកតាររងការខូចខាត នៅក្នុងស្រុកឆ្លូងនិងស្រុកចិត្របូរី កាលពីថ្ងៃទី៣០ខែកក្កដា។
ជុំវិញបញ្ហាខ្យល់កន្ត្រាក់នេះដែរ នៅខេត្តត្បូងឃ្មុំ មានសេចក្តីរាយការណ៍មកថា៖ខ្យល់បានបំផ្លាញដំណាំកៅស៊ូ អស់ប្រមាណជិត១០០ដើម ហើយនៅរសៀលថ្ងៃព្រហស្បត៍នេះ ខ្យល់កន្រ្តាក់ក៏បានធ្វើឲ្យរលំផ្ទះប្រជាពលរដ្ឋនៅស្រុកតំបែរចំនួន២២ខ្នងដែរ។
រហូតដល់ពេលនេះក្រសួងធនធានទឹកនិងឧតុនិយម នៅតែបន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្ត ត្រូវប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់នេះតទៅទៀត រហូតដល់ថ្ងៃទី៤ខែសីហាខាងមុខ៕