រាជរដ្ឋាបាលកម្ពុជាពន្លឿនផែនការបង្កើតសាលាឧទ្ធរណ៍ឲ្យបានគ្រប់រាជធានីខេត្ត

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ រាជរដ្ឋាបាលកម្ពុជាពន្លឿនផែនការបង្កើតសាលាឧទ្ធរណ៍ឲ្យបានគ្រប់រាជធានីខេត្តនៅ​ពេលឆាប់ៗនេះ​ដើម្បីបង្ខិត​សេវាយុត្តិធម៌ឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ

ថ្លែងក្នុងសន្និសីទនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌កំពុងជំរុញការបង្កើតសាលាឧទ្ធរណ៍ចំនួនបីដែលស្ថិតនៅ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និង ខេត្តព្រះសីហនុ អោយរួចរាល់នៅក្នុងឆ្នាំនេះ ដើម្បីមានលទ្ធភាពដាក់ឲ្យដំណើរការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅឆ្នាំ២០២០ ខាងមុខ។

ឯកឧត្តមបានអៈអាងថា ក្រសួងនឹងពង្រីកគម្រោងបង្កើតសាសាឧទ្ធរណ៍នេះ អោយបានគ្រប់ខេត្តនៅទូទំាងប្រទេសដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋមកទទួលសេវាយុត្តិធម៌ឲ្យបានទាន់ពេលវេលាឆាប់រហ័សនិងកាត់បន្ថយការចំណាយជាដើម ។

ការជំរុញផែនការបង្កើតសាលាឧទ្ធរណ៍សម្រាប់ជំនុំជម្រះក្តីនៅទូទំាងប្រទេសនេះ ដោយសារបច្ចុប្បន្នកម្ពុជាមានសាលាឧទ្ធរណ៍តែមួយកន្លែងគត់គឺនៅរាជធានីភ្នំពេញ ដែលឲ្យបានបង្កមានការកកស្ទះសំណុំរឿង មានការយឺតយ៉ាវ ផ្នែកនីតិវិធី ព្រមទាំងខាតបង់នៅពេលវេលា និងថវិការបស់ប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំ។
សម្លេង ៖ រយៈពេលមួយឆ្នាំនេះ គឺយើងបានរៀបចំនូវដំណើរការសាងសង់សាលាឧទ្ធរណ៍តំបន់ យើងសព្វថ្ងៃមានឧទ្ធរណ៍តែមួយទេគឺឧទ្ធរណ៍ភ្នំពេញដែលដោះស្រាយគ្រប់សំណុំរឿងដែលបញ្ជូនពីគ្រប់សាលាដំបូងរាជធានី ខេត្ត ចឹងក្នុងរយៈពេលមួយឆ្នាំយើងធ្វើការសាងសង់ឧទ្ធរណ៍តំបន់នេះ ចំនួនបីខេត្ត គឺខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុហើយដំណើរការសាងសង់មកដល់ ពេលនេះបាន៨០ភាគរយហើយ នឹងចាប់ដាក់ឲ្យដំណើរការបាននៅឆ្នាំក្រោយតែម្ដង ។
សូមបញ្ជាក់ថា ក្រៅពីផែនការបង្កើតសាលាឧទ្ធរណ៍នៅទូទំាងប្រទេសនេះក្រសួងយុត្តិធម៌ក៏កំពុងបង្កើតតុលាការដំបូងថ្មីមួយទៀតដែលស្ថិតនៅខេត្តកែប ដើម្បីសម្រួលដល់ការងារជម្រះក្តីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋដែលមានក្តីកំា្តនៅខេត្តកែបត្រូវរត់ទៅដោះស្រាយសំណុំរឿងនៅសាលាដំបូងខេត្តកំពត ៕