ក្រសួងសុខាភិបាលបិទមន្ទីពេទ្យឯកជនមួយកន្លែង នៅខេត្តកំពង់ធំបន្ទាប់រកឃើញថា មន្ទីរពេទ្យនេះ យកបុរសម្នាក់មិនមែនជាគ្រូពេទ្យមកព្យាលអ្នកជំងឺខុសបច្ចេកទេស

វិទ្យុជាតិកម្ពុជា : ហាន់ ស្រីណា ថ្ងៃទី

 ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសបិទមន្ទីពេទ្យសំរាកព្យាបាលឯកជនមួយកន្លែងនៅ​ខេត្តកំពង់ធំដែលខុស​ច្បាប់​ណែនាំរបស់ក្រសួងសុខាភិបាល។

 

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩បានអោយដឹងថាក្រសួងសុខា​ភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែងមានឈ្មោះថា ៥១៥កំពង់ធំ ស្ថិតនៅសង្កាត់ព្រែក​តាហ៊ូ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញថា មន្ទីរសម្រាកព្យាបាលនេះអនុញ្ញាតឱ្យកូនប្រុសមិនមែនជាពេទ្យមកពិនិត្យនិងព្យាបាលអ្នកជំងឺដែលមកសំរាកព្យាបាលក្នុងមន្ទីរពេទ្យរបស់ខ្លួន។

សេក្តីប្រកាសដដែលបានអោយដឹងទៀតថា  ក្រៅពីការអនុញ្ញាតឱ្យកូនប្រុសមិនមែនជាពេទ្យមកពិនិត្យ និងព្យាបាលអ្នកជំងឺហើយនោះ មន្ទីរសម្រាកព្យាបាលនេះ ពុំមានវត្តមានលោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ នៅគ្រប់គ្រងឡើយ ហើយថែមទាំងពុំមានបុគ្គលិកពេទ្យគ្រប់គ្រាន់សមស្របជាមន្ទីរសម្រាកព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយដែលធ្វើអោយខូចគុណភាពវិស័យសុខាភិបាល។

 សូមបញ្ជាក់ថា មន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ៥១៥កំពង់ធំ បើកដំណើរការតាំងពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៥មកម្លេះ៕