អភិបាលខេត្តបន្ទាយមានជ័យ ដល់ជំរុញអាជ្ញាធរ​​ សមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹង​សន្តិសុខ​និងចុះពិនិត្យដំណាំស្រូវកំពុងប្រឈមខ្វះខាតទឹក​

AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ច​ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់ពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រូវបន្តចុះពិនិត្យដំណាំស្រូវដែលកំពុងប្រឈមខ្វះទឹកជួយ ដោះស្រាយជូន​ប្រជាពលរដ្ឋនៅតំបន់មានប្រភពទឹក។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីរសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អភិបាលក្រុងស្រុក ត្រូវចុះ ទៅដល់វាលស្រែប្រជាពលរដ្ឋផ្ទាល់ កុំចាំស្តាប់តែរបាយការណ៍មន្ត្រីមូលដ្ឋានលើការងារ បង្កបង្កើនផលស្រូវវស្សាឆ្នាំ​២០១៩ នេះត្រូវធ្វើជាយុទ្ធនាការ ចុះពិនិត្យ និងធ្វើការដោះស្រាយ ឱ្យអស់លទ្ធភាពនៅលើតំបន់ដែល​មានប្រភពទឹក។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ មានជ័យ ​បានឱ្យដឹងថា គិតត្រឹមថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មានដំណាំស្រូវប្រមាណ ជាង៣៩០០០​ហិកតា ក្នុងចំណោមដំណាំស្រូវដែលធ្វើបានទូទាំងខេត្តជាង២៤ម៉ឺនហិកតា កំពុងប្រឈមនឹងការខ្វះទឹក ហើយក្នុងនោះមានដំណាំស្រូវជាង៣០០ហិកតា នៅស្រុកថ្ម ពួកបានរងការខូចខាតព្រោះគ្មាន​ប្រភពទឹកជួយសង្គ្រោះនោះ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យលោក យឹម ប៊ុនរ៉ុម បានឱ្យដឹងថា ដោយស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ស្ថានភាពភ្លៀង នៅក្នុងខែកក្កដាកន្លងមកនេះធ្លាក់តិចតួចតំបន់ខ្លះជួបភាពរាំងស្ងួត ដែលជាហេតុបណ្តាលឱ្យ ដំណាំស្រូវវស្សានៅតំបន់មួយចំនួនជូបការខ្វះទឹក។

លោក យឹម ប៊ុនរ៉ុម បានប្រាប់ឱ្យដឹងដែរថា ជាវិធានការដែលក្រសួងធនធានទឹក ក៏ដូចអាជ្ញាធរខេត្តដែលត្រូវប្រកាន់យកនោះគឺត្រូវយកចិត្តទុកដាក់ និងដោះស្រាយដោយ ប្រើប្រាស់គ្រប់លទ្ធភាពជួយសង្គ្រោះដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅគ្រប់កន្លែងដែលមានប្រភពទឹកគ្រប់គ្រាន់ ហើយដែលសកម្មភាពបូមទឹកសង្គ្រោះស្រូវ រងផលប៉ះពាល់ពីភាពរាំងស្ងួតនេះត្រូវបានក្រុមការងារជំនាញ រួមជាមួយកសិករម្ចាស់ស្រែ កំពុងធ្វើបានរាប់ពាន់ហិកតា។

លើបញ្ហាសន្តិសុខឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់អាជ្ញាធរដែនដីស្រុកក្រុងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ត្រូវបង្កើនសកម្មភាពរបស់ខ្លួនក្នុងការពង្រឹងកម្លាំងឈរជើងកម្លាំងល្បាតត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗកុំឱ្យកើតមានដែលបង្កដល់ភាពរស់នៅសុខសាន្តរបស់ប្រជា​ពលរដ្ឋយើងនោះ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុង ដែលចុះជួយដល់មូលដ្ឋាននោះត្រូវបន្តយកចិត្តទុកដាក់ធ្វើវេទិកាសាធារណៈ ឱ្យបានច្រើន ដោយផ្សព្វផ្យាយពន្យល់ដល់ប្រជាពលរដ្ឋនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលមាន៩​ចំណុចនេះដោយធ្វើយ៉ាងណាឱ្យពួកគាត់បានចូលរួម​​អនុវត្តន៍ទាំងអស់គ្នានោះ៕

ដោយ ឈុន សារ៉ាត