អ្នកនាំពាក្យរាជរដ្ឋាភិបាលថាការទិញសព្វាវុធពីចិនគឺដើម្បីពង្រឹងខឿនការពារជាតិកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលថាការទិញសព្វាវុធពីចិនគឺដើម្បីពង្រឹងខឿនការពារជាតិកម្ពុជានិងធ្វើទំនើបកម្មអាវុធយុទ្ធភ័ណ្ឌរបស់កងទ័ព ដែលធានាបាសន្តិសុខនិងសុវត្ថិភាពជាតិ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០១៩ ឯកឧត្ដ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថា រាជរដ្ឋាភិបាល ចំណាយថវិកាប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីទិញសព្វាវុធបន្ថែមពីប្រទេសចិន គឺជាការចំណាយនៅក្រៅខ្ទង់ថវិកាជាតិ។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តទិញអាវុធយុទ្ធភ័ណ្ឌពីប្រទេសចិន ដោយសារតែអាវុធរបស់ចិន មានតម្លៃថោកជាងតម្លៃអាវុធរបស់ប្រទេសនៅអឺរ៉ុប។
ឯកឧត្ដមបន្ដថា ការទិញសព្វាវុធនេះ គឺក្នុងគោលបំណង ដើម្បីការពារប្រទេស និងដើម្បីស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋ ខណៈដែលកម្ពុជាបានឆ្លងកាត់សង្រ្គាមរ៉ាំរៃជាច្រើនឆ្នាំ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់។
ការបំភ្លឺរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនាពេលនេះឆ្លើយតបទៅនឹងជនជ្រុលនិយមនៅ ក្រៅច្បាប់មួយចំនួន បានរិះគន់មកលើរាជរដ្ឋាភិបាលជុំវិញការទិញសព្វាវុធនេះជាការខ្ជះខ្ជាយថវិកា ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអៈអាងថា ប្រទេសនានានៅជុំវិញពិភពលោកសុទ្ធតែចាំបាច់ ធ្វើទំនើបកម្មសព្វាវុធនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីកិច្ចការពារជាតិនិងសន្តិភាពនៅក្នុងប្រទេស។
ឯកឧត្ដមបានប្រកាសជំហរថា កម្ពុជាមិនអនុញាត្ដិឲ្យបុគ្គលណាមួយ ឬប្រទេសណាមកបំផ្លាញសន្ដិភាពនៅកម្ពុជាដាច់ខាត បន្ទាប់ពីកម្ពុជាបានខិតខំយកញើសឈាមរបស់ខ្លួន ដើម្បីស្វែងសន្ដិភាពនេះយ៉ាងលំបាកបំផុត ទម្រាំតែប្រទេសមានសុខសន្ដិភាព និងការអភិវឌ្ឍដូចសព្វថៃ្ងនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានបន្ថែមថវិកាជិត៤០លានដុល្លារក្នុងការទិញសព្វាវុធពីប្រទេសចិន លើថវិកាចំនួន២៩០លានដុល្លារ ដែលបានទិញពីលើកមុន៕