គ.ជ.ប ប្រកាសបញ្ជីបោះឆ្នោតឆ្នាំ២០១៩ជាផ្លូវការ ក្រោយបិទបញ្ចប់ការដោះស្រាយបណ្តឹងតវ៉ា

វិទ្យុជាតិម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប
បានប្រកាសបញ្ជីបោះឆ្នោតឆ្នាំ២០១៩ជាផ្លូវការ
ក្រោយបិទបញ្ចប់ការដោះស្រាយបណ្តឹងតវ៉ា
ដែលបម្រើឲ្យការបោះឆ្នោតនាឆ្នាំខាងមុខធានាបានភាពពេញលេញ ភាពត្រឹមត្រូវ
និងមានសុវត្ថិភាព។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់សុពលភាព
និងដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ នៅទីស្តីការគ.ជ.ប
ព្រឹកថ្ងៃទី៣១ ខែកក្កដានេះ ឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.ប បានប្រកាសថា
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩
មានប្រជាពលរដ្ឋកម្ពុជាសរុបចំនួន៨.៦២៩.៣៥៧នាក់ ស្មើនឹង៨៤,៧៤ភាគរយ
នៃចំនួនប្រជាពលរដ្ឋដែលត្រូវប៉ាន់ស្មាន់គ្រប់អាយុបោះឆ្នោតសរុប។

ការប្រកាសសុពលភាពបញ្ជីបោះឆ្នោតថ្មីនេះ ធ្វើឡើងបន្ទាប់ពីគ.ជ.ប
បញ្ចប់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ចំនួន៦បណ្តឹងចប់ជាស្ថាពរ
ក្នុងរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៨ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩
ដែលប្រជាពលរដ្ឋប្តឹងសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតឡើងវិញ ក្រោយពី
គ.ជ.ប បានលុបជាបណ្តោះអាសន្ន។

ឯកឧត្តម នុត សុខុម មានប្រសាសន៍ថា
គោលដៅនិងប្រព័ន្ធនៃការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោតត្រូវបានកំណត់ឡើងដើម្បីឲ្យការរៀបចំបញ្ជីបោះឆ្នោតធានាបាននូវភាព

ពេញលេញភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។
ឯកឧត្តមបន្តថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតផ្លូវការច្បាប់ថតចម្លងដោយបង់ថ្លៃ។
ឯកឧត្តមបញ្ជាក់ថា បញ្ជីបោះឆ្នោតដែលបង្ហោះលើគេហទំព័ររបស់គ.ជ.ប
ត្រូវបានរក្សាភាពសម្ងាត់របស់ប្រជាពលរដ្ឋ។

លោក សំ គន្ធាមី
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ និចហ៊្វិក
បានសង្កេតឃើញថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ
មានភាពរលូនច្រើន ដោយគ្មានបណ្តឹងតវ៉ាច្រើនដូចបណ្តាឆ្នាំកន្លងទៅ
បើទោះបីជាក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មីនេះ
ប្រជាពលរដ្ឋកម្ពុជាដែលត្រូវគ្រប់អាយុបោះឆ្នោត
និងមិនទាន់បានចុះឈ្មោះពីមុនមក បានទៅចុះឈ្មោះតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ។

គ.ជ.ប បានធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩
ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា បន្ទាប់ពីប៉ាន់ស្មាន់ថា
ប្រជាពលរដ្ឋខ្មែរទើបគ្រប់អាយុ១៨ឆ្នាំ
និងប្រជាពលរដ្ឋខ្មែរមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកមានប្រមាណជាង៣៧ម៉ឺននាក់
ព្រមទាំងមានប្រជាពលរដ្ឋផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
និងអ្នកទទួលមរណភាព។

លទ្ធផលចុងក្រោយនេះ គ.ជ.ប
ក៏បានសម្រេចលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីសរុប៤២.៩១៧នាក់
ទៅលើអ្នកទទួលមរណភាព អ្នកបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ
សង្កាត់ផ្សេងដោយមានការបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវ
អ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន និងអ្នកមានឈ្មោះស្ទួន៕