រាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលជ្រូកសាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទពីបរទេស

វិទ្យុជាតិអត្ថបទ៖ជួន បូណា

ភ្នំពេញ៖  រាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលជ្រូកសាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទពីបរទេសដោយគ្មានលិខិតអនុញ្ញាត ដើម្បីស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី៣១ ខែកក្កដានេះបានសម្រេចដាក់ចេញនូវវិធាន៦ចំណុចជាបន្ទាន់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកំពុងរាតត្បាតនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា ហើយបានធ្វើឲ្យ ប្រជាពលរដ្ឋខ្លាចរអាលមិនហ៊ានបរិភោគសាច់ជ្រូក បើទោះបីក្រុមអ្នកជំនាញបានអៈអាងពីជម្ងឺ នេះមិនឆ្លងដល់មនុស្សក៏ដោយ។

សេចក្តីប្រកាសនៅតែអៈអាងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះមិនឆ្លងនិងបង្កផលប៉ៈពាល់ដល់សុខភាពមនុស្សទេ គឺវាឆ្លងតែជ្រូកគ្នាវាប៉ុណ្ណោះ ហើយមេរោគនេះបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។

សូមបញ្ជាក់ថាវិធានការ៦ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញជាបន្ទាន់បានតម្រូវឲ្យក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបង្កើនវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជាទ្រង់ទ្រាយធំនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ពង្រឹងការត្រួតពិនិត្យអនាម័យ សុវត្ថិភាពសាច់ជ្រូកទប់ស្កាត់ការលួចនាំចូលជ្រូកសាច់ជ្រូកនិងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដែលខុសច្បាប់និងគ្មានការអនុញ្ញាតតាមគ្រប់រូបភាពនិងតាមគ្រប់មាត់ច្រកទាំងអស់។

ចំណែកក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលារាជធានីខេត្តត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីឱ្យការបំពេញភារកិច្ចនេះទទួលបានជោគជ័យនិង មានប្រសិទ្ធភាពខ្ពស់។

គួរំលឹកថា បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រកអាហ្វ្រិក បាននឹងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សពីបណ្តាប្រទេសជិតខាង និងបានបន្តឆ្លងរាតត្បាតមកដល់ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាលដេលបានធ្វើឲ្យជ្រូកជាច្រើនក្បាលបានឈឺនិងងាប់៕