រដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យប្រើប្រាស់ស្ពានបេឡេឫស្សីកែវឡើងវិញចាប់ពីថ្ងៃទី០១ ខែសីហានេះទៅ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យប្រើប្រាស់ឡើងវិញស្ពានបេឡេឫស្សីកែវដែលឆ្លងកាត់ទន្លេ ចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ ដើម្បីជួយសម្រួលចរាចរណ៍និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ចាប់ពីព្រឹកម៉ោង៨ ថ្ងៃទី១ ខែសីហានេះតទៅ ប្រជាពលរដ្ឋអាចធ្វើដំណើរលើស្ពានបេឡេដែលឆ្លងពី តំបន់ឬស្សីកែវទៅតំបន់ជ្រោយចង្វារបានជាធម្មតាឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញធ្វើការថែទាំនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់ ដើម្បីធានាឲ្យបាននូវគុណភាពនិងសុវត្ថិភាពជូន​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។

លោកបានបញ្ជាក់ថា ក្រុមអ្នកជំនាញបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងថែទាំ ជួសជុល ស្ពានដែកបេឡេនេះរួមមាន គ្រឿងបង្គំស្ពានផ្នែកខាងលើ និងផ្នែកសសរទម្រស្ពាន ។

លោកបានបន្តថា ស្ពាននេះមានប្រវែង ៥០៦ម៉ែត្រ ទទឹង១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយសម្រួលចរាចរណ៍នៅស្ពានជ្រោយចង្វារ និងស្ពានព្រែកព្នៅ ។

សូមបញ្ចាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅសាលារាជធានីភ្នំពេញបានផ្អាកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​មួយរយៈ​ពេល ក្រោយពេលអ្នកជំនាញរកឃើញ បញ្ហាមិនប្រក្រតីមួយចំនួននៅលើស្ពាននេះ ៕