គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរំលឹករយៈពេលមួយឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា គិតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ គឺជារយៈពេលមួយឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោតដ៏ច្រើនកុះករដែលបានទៅបោះឆ្នោត ដោយគ្មានការភ័យខ្លាច គ្មានការគាបសង្កត់ ឬការបង្ខិតបង្ខំ និងប្រកបដោយទឹកមុខសប្បាយរីករាយ ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនក្នុងចំណោមគណបក្សនយោបាយ ចំនួន ២០ ដែលបានចូលរួមប្រកួតប្រជែង ។ អត្រានៃអ្នកបោះឆ្នោតកើនឡើងខ្ពស់រហូតដល់ ៨៣.០២% ខ្ពស់ជាងអត្រានៃការបោះឆ្នោត ឆ្នាំ២០០៨ និងឆ្នាំ២០១៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះផ្សាយនៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួនដោយបានរំលឹកថាមានអ្នកសង្កេតការណ៍ជាតិ ចំនួន ៨ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ជាង ៥០០នាក់ មកពី ៥៨ប្រទេស ក៏ដូចជាតំណាងស្ថាប័នបោះឆ្នោតនៃប្រទេសមួយចំនួន ដែលសង្កេតមើលការបោះឆ្នោត បានវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរ និងគាំទ្រដល់ការបោះឆ្នោត ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវបានរៀបចំកាន់តែល្អប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ។ ខុសប្លែកពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមុនៗ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ទោះសភាពការណ៍នយោបាយមានការប្រែប្រួលថ្មី តែសភាពការណ៍សង្គម សេដ្ឋកិច្ចនៅតែមានការវិវឌ្ឍល្អ និងប្រកបដោយសុខសន្តិភាព ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្តទៀតថា នេះហើយជាមោទនភាពរបស់ គ.ជ.ប ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតទាក់ទងនឹងការបោះឆ្នោត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះតាមច្បាប់របស់កម្ពុជា ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ៕