កសិករខេត្តព្រៃវែង នាំគ្នាដាំឈូកធ្វើជាមុខរបរទី២ បន្ទាប់ពីការងារធ្វើស្រែចម្ការ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

ព្រៃវែង ៖ ប្រជាកសិករខេត្តព្រៃវែងបាននាំគ្នា ដាំឈូកធ្វើជាមុខរបរទី២បន្ទាប់ពីការងារធ្វើស្រែចម្ការរួចរាល់អស់ ដោយសារតែមុខរបរនេះងាយស្រួលធ្វើ ហើយអាចរកប្រាក់ចំណូលបានច្រើន។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កំណើនផ្ទៃដី ដាំឈូករបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែងបានកើនដល់ជាង៣.០០០ហិកតា បន្ទាប់ពីតម្លៃគ្រាប់ឈូកក្នុងឆ្នាំ២០១៩នេះ បានហក់ឡើងខ្ពស់។
សំឡេង៖ «កសិករក្នុងការដាំឈូកក្នុងខេត្តព្រៃវែងមិនមែនការដាំលម្អនោះទេ ការដាំឈូកនេះប្រមូលផលសម្រាប់យកគ្រាប់ឈូកយកទៅលក់ទីផ្សារតែម្តង។ ប្រជាកសិករមានការយកចិត្តទុកដាក់ខ្ពស់ ប្រសិនបើគ្រាប់ឈូកនេះមានតម្លៃខ្ពស់ប្រជាកសិករគាត់មានការបង្កើនផលក្នុងការដាំឈូកនេះអាចជួយសម្រួលចំណូលថវិការបស់ពួកគាត់ហើយក្នុងការដាំឈូកនេះប្រជាកសិករប្រមូលផលធ្វើពាណិជ្ជកម្មសម្រាប់លក់ជាកសិផលគ្រាប់ឈូកតែម្តង»។

លោកបានបន្តទៀតថា តម្លៃគ្រាប់ឈូកនៅលើទីផ្សារ និងអាចឈានឡើងទៅដល់១ម៉ឺនរៀល ក្នុង១គីឡូក្រាម ខណៈបច្ចុប្បន្ន តម្លៃគ្រាប់ឈូកនៅលើទីផ្សារលក់បានចាប់ពី៦ពាន់រៀល ទៅ៨ពាន់រៀល ក្នុង១គីឡូក្រាម ។
លោកបានបន្ថែមថា មន្ទីរកសិកម្មខេត្តព្រៃវែង នឹងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង សិក្សារកវិធីសាស្ត្រ ដើម្បីទប់លំនឹងតម្លៃគ្រាប់ឈូកនៅលើទីផ្សារកុំឲ្យធ្លាក់ចុះខ្លាំង ដែលឈានដល់ការបោះបង់អាជីពនេះរបស់កសិករ ដូចបណ្តាឆ្នាំមុនៗ៕