របាយការណ៍៖ កិច្ចចរចាការធ្វើមិនឱ្យមាននុយក្លេអ៊ែរអាម៉េរិក-កូរ៉េខាងជើង នឹងបន្តឡើងវិញនាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក បានជួបជាមួយសមភាគី​កូរ៉េខាងជើងរបស់លោកនៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីសប្តាហ៍មុន ក្នុងកំឡុងពេល​ដែល​កូរ៉េខាងជើងបានបង្ហាញពីឆន្ទៈក្នុងការស្តារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់បានឱ្យដឹងថា មន្ត្រីអាម៉េរិក​បាន​ជួបជាមួយមន្រ្តីកូរ៉េខាងជើង ដើម្បីប្រគល់រូបថតដែលជាឯកសារនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមិថុនា រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាង​ជើង​លោក គីម​ ជុង-អ៊ុន។ ក្នុងអំឡុងពេលនៃការប្រគល់នេះដែរ មន្រ្តីកូរ៉េខាងជើងបានបង្ហាញពីឆន្ទៈ​របស់​ប្រទេសនេះ ក្នុងការបន្តការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនាពេលខាងមុខនេះ។ ទោះយ៉ាងណា កាលបរិច្ឆេទអំពីពេលវេលានៃកិច្ចចរចានេះអាចនឹងបន្តធ្វើឡើងវិញនោះ មិន​ត្រូវ​បានគេ​ផ្តល់​ឱ្យដឹងនោះទេ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយនៅឯ DMZ កាលពីខែមុន ប្រមុខរដ្ឋទាំងពីរបានឯកភាព​គ្នា ដើម្បីពង្រឹងកិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំងរបស់ពួកគេ​ដោយចូលរួមនៅក្នុងកិច្ចទំនាក់ទំនងកម្រិតការងារ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក Mike Pompeo បានប្រាប់ IHeartMedia ក្នុង​បទ​សម្ភាសន៍តាមវិទ្យុមួយកាលពីសប្តាហ៍មុនថា យើងសង្ឃឹមថា កិច្ចពិភាក្សាថ្នាក់ការងារនឹង​ចាប់ផ្តើមក្នុងរយៈពេលពីរ សប្តាហ៍ទៀតនេះ។ ប្រជាជនកូរ៉េខាងជើងត្រូវបំពេញ​ការសន្យា​ដែល​​លោកប្រធានាធិបតី គីម បានធ្វើ។

លោកបាន​និយាយដូច្នេះ ទៅកាន់ប្រធានាធិបតីលោក Trumpថា លោកបានសន្យាថា លោកនឹងរំសាយអាវុធនុយក្លេអ៊ែរចេញពីប្រទេសរបស់លោក។ លោកបានធ្វើដូច្នេះ ជាសាធា​រណៈនៅក្នុងឯកសារជាលាយលក្ខណ៍អក្សរមួយ។ ពួកគេត្រូវធ្វើការសម្រេចចិត្តដែលពួកគេ​បានរៀបចំដើម្បីប្រតិបត្តិរឿងនោះ។

តាមប្រភពការទូតមួយដែលបានរាយការណ៍ជាផ្លូវការច្រើនដងបានឱ្យដឹងថា នៅ​សប្តាហ៍​នេះ លោក Pompeo និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho ត្រូវបាន​គេរំពឹងថា នឹងជួបគ្នានៅក្នុងវេទិកានៃវេទិកាថ្នាក់តំបន់​នៃសមាគមប្រជាជាតិអា​ស៊ី​អាគ្នេយ៍នៅ​ទីក្រុង​បាងកក ប្រទេសថៃ។ ទោះយ៉ាងណា លោក រី បានលុបចោលដំណើរទស្សនកិច្ចរបស់​លោក​ទៅសន្និសីទនេះ។​

ការវិវឌ្ឍថ្មីៗទាក់ទងនឹងកិច្ចពិភាក្សាបានកើតឡើងមុនពេលមានរបាយការណ៍ដែលថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលជាច្រើន ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនៅព្រឹកថ្ងៃ​ពុធនេះ។ ពួកមន្រ្តីបានប្រាប់យ៉ុនហាប់ថា ​មីស៊ីលទាំងនោះត្រូវបានគេរាយការណ៍ថា ​បានបាញ់ពីខេត្ត Hamgyongខាងត្បូងឆ្ពោះទៅឆ្នេរសមុទ្រខាងកើតរបស់ប្រទេស។ វាមិនច្បាស់ទេថា តើ​ការដាក់ពង្រាយថ្មីបំផុតនឹងប៉ះពាល់ដល់កិច្ចចរចានាពេលអនាគត ជាមួយសហរដ្ឋអាមេរិក​ឬយ៉ាងណានោះទេ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)