វៀតណាមចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានបូកបី និងអាស៊ីបូព៌ា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៣០ ខែកក្កដា ប្រទេសវៀតណាមបានចូលរួមនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មកពីអាស៊ានបូក ៣ (ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) នៅទីក្រុងបាងកក ដើម្បីបញ្ចប់ការរៀបចំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី (APT) លើកទី ២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ៩។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ ដែលជាផ្នែកនៃសកម្មភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដានេះ។

បណ្តាមន្ត្រីជាន់ខ្ពស់បានធ្វើបច្ចុប្បន្នភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការដោយយោងតាមផែនការសកម្មភាពការងារនៃកិច្ចសហប្រតិបត្តិការ APT និងកម្មវិធីសកម្មភាពទីក្រុងម៉ានីលសម្រាប់ឆ្នាំ ២០១៨-២០២០ ក៏ដូចជាការពិនិត្យឡើងវិញនូវការចងក្រងឯកសារក្នុងក្របខ័ណ្ឌអាស៊ាន ៣ និងអាស៊ីបូព៌ាសម្រាប់ការដាក់ស្នើទៅកិច្ចប្រជុំជាន់ខ្ពស់នៅចុងឆ្នាំនេះ។

ពួកគេក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ ការការពារឧក្រិដ្ឋកម្មឆ្លងដែន ការធានាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។

ការចូលរួមកិច្ចប្រជុំទាំងនេះ គឺមានតំណាងមកពីប្រទេសជាង ៣០ ដែលក្នុងនោះមានរដ្ឋជាសមាជិកអាស៊ាន ដៃគូសន្ទនាអាស៊ាន សមាជិកដៃគូមិនមែនកិច្ចសន្ទនាចូលរួមវេទិកាតំបន់អាស៊ាន (ARF) និងភ្ញៀវកិត្តិយសដូចជាប្រទេសន័រវែស ប៉េរូ ស្វីស និងតួកគី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)