រយៈពេល ៦ ខែឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាចុះកាប់និងកាត់ក្រីដើមឈើជាង២០០ដើម

អត្ថបទ៖ អាត ចន្ធូ ៣០ ០៧ ២០១៩

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាចុះកាប់និងកាត់ក្រីដើមឈើជាង២០០ដើម ដែលអាចបង្កហានិភ័យ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាយថាហេតុ ជាពិសេសដើម្បីចូលរួមថែរក្សាការការពារបរិស្ថាននៅរមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះកាប់ កាត់ក្រីមែកឈើក្នុងរមណីយដ្ឋានអង្គរសរុបចំនួនជាង២០០ដើម។ ក្នុងនោះក្រុមការងារបានចុះកាប់ដើមឈើដែលមានហានិភ័យ និងដើមឈើរលំដួលបានចំនួន ១៤៦ដើម និងកាត់ក្រីមែកឈើងាប់និងរស់បានចំនួន៥៦ដើម។

ប្រភពព័ត៌មានដដែលបន្ថែមថា ការកាប់និងកាត់ក្រីដើមឈើទាំងនេះ ស្ថិតនៅតាមតំបន់ប្រាសាទ ក្នុងភូមិ សាលារៀន និងតាមតំបន់ផ្សេងៗដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន កសិន្ធុអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ប្រាសាទបាពួន ខ្លោងទ្វារដីឆ្នាំង ខ្លោងទ្វារទន្លេអុំ ប្រាសាទតាព្រហ្ម ប្រាសាទ ភ្នំបាខែង កំពែងអង្គរធំ និងកំពែងប្រាសាទអង្គរវត្តជាដើម៕