ចិន គ្រោងវិនិយោគលើវិស័យសុខាភិបាលដែលមានលក្ខណៈស្តង់ដារអន្ដរជាតិនៅ កម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ចិន គ្រោងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជាដែលមានលក្ខណៈស្តង់ដារអន្ដរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

លោកវេជ្ជបណ្ឌិត ប្រូស័រ ឌុកទ័រមិនសុខ តំណាងសាកលវិទ្យាល័យវិជ្ជាសាស្រ្ដទីក្រុងម៉ាកាវ បានលើកឡើងថា គណៈប្រតិភូដែលមកទន្សកិច្ចនៅកម្ពុជានាពេលនេះ គឺក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្ដិការ និងជួយលើកកម្ពស់វិស័យសុខាភិបាលទាំងរដ្ឋ និងឯកជនជាលក្ខណៈមនុស្សធម៌ ជាពិសេសមកសិក្សា​លទ្ធភាព ដើម្បីវិនិយោគវិស័យសុខាភិបាលដែលមានលក្ខណៈស្តង់ដារអន្ដរជាតិនៅកម្ពុជា។

ការគ្រោងមកវិនិយោគវិស័យសុខាភិបាលនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដមទេស​រដ្ឋមន្រ្ដី លី ធុជ ប្រធានអាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ។
លោកវេជ្ជបណ្ឌិតបន្ដថា គំរោងដែលចង់បើកមន្ទីរពេទ្យនៅកម្ពុជានេះ ដោយមើលឃើញពីកត្ដាសន្ដិភាព និងការអភិវឌ្ឍនៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសដើម្បីកាត់បន្ថយពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ ដែលមិនចាំបាច់ទៅព្យាបាលជំងឺនៅក្រៅប្រទេស។
ជាការឆ្លើយតបឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានស្វាគមន៍ចំពោះគណៈប្រតិភូចិនដែលគ្រោងមកវិនិយោគលើវិស័យសុខាភិបាលជាលក្ខណៈអន្ដរជាតិនៅកម្ពុជា។
ឯកឧត្ដម បានបញ្ជាក់ថា ការមកវិនិយោគលើវិស័យសុខាភិបាលនេះ គឺពិតជាមានសារសំខាន់ណាស់ដល់កម្ពុជា ខណៈដែលកម្ពុជាកំពុងតែមានតម្រូវការវិស័យសុខាភិបាល ដើម្បីជួយលើកកម្ពស់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកឲ្យមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីកាត់បន្ថយការទៅព្យាបាលជំងឺនៅក្រៅប្រទេស។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះមិត្ដចិនដែលតែងតែជួយផ្ដល់ជំនួយមកកម្ពុជា ដូចជា វិស័យសុខាភិបាល ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ៕