ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងថា រាជរដ្ឋាភិបាល ប្រែក្លាយស្រុកម៉ាឡៃ ពីមរភូមិវាយប្រយុទ្ធគ្នាមកមានសន្តិភាព និងការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត

បន្ទាយមានជ័យ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអប់រំបច្ចេកទេស០១ខ្នង ដែលមានតំលៃ១៥ម៉ឺនដុល្លារដែលជាអំណោយរបស់អង្គការស៊ីភីស៊ី នៅវិទ្យាល័យ ម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើការកសាងប្រទេសកម្ពុជាពីបាត់ដៃទ ទេគំនរផេះផង់ សមុទ្រឈាម មករីកចម្រើនលើគ្រប់វិស័យ ពិសេស ប្រែក្លាយស្រុកម៉ាឡៃដែលពីមុនជាសមរភូមិវាយប្រយុទ្ធ គ្នា ជាតំបន់អសន្តិសុខ ពោរពេញ ដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្លាយជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ការរស់នៅប្រកបរបរចញ្ចឹមជិវិតរបស់ប្រជាលរដ្ឋ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន កោតសសើរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់កងកំលាំងគ្រប់ប្រភេទ អង្គការស៊ីភីស៊ី ប្រជាពលរដ្ឋអ្នកម៉ាឡៃនៃមហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងធំធេងពង្រឹងបាននូវខឿនការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្ដាប់ ធ្នាប់សង្គម ទប់ស្កាត់បានពីការប៉ុនប៉ងបំផ្លាញជាតិពីមជ្ឈដ្ឋានអគតិ ពិសេសបានជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព រស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអប់រំបច្ចេកទេស០១ខ្នង នេះឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយ ផ្តល់ចែកជូនលោកគ្រូអ្នកគ្រូ ៣៣នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ ថវិកា ២ម៉ឺន រៀល សិស្សានុសិស្ស ៥០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ៥ពាន់រៀល ប្រជាពលរដ្ឋ ១០០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ១ម៉ឺន រៀល
និងវិទ្យាល័យ ម៉ាឡៃ ថវិកាចំនួន១លានរៀល៕