ប្រជាពលរដ្ឋក្រីក្រជាង១៧០គ្រួសារនៅឃុំអូដារស្រុកចិត្របូរីខេត្តក្រចេះ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ដោយអត្ថបទ ហុក សុខរិន

ក្រចេះ៖ប្រជាពលរដ្ឋក្រីក្រជាង១៧០គ្រួសារនៅឃុំអូដារស្រុកចិត្របូរីខេត្តក្រចេះទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី ២ហៅកាត់ថាឡាហ្សិត២ ដើម្បីក្លាយជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់ប្រើប្រាស់តាមតម្រូវការ។

ក្រុមប្រជាពលរដ្ឋចំនួន១៧៦គ្រួសារ នៅឃុំអូដារស្រុកចិត្របូរីខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីគម្រោងបែង​ចែកដីដើម្បី​សង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី ២របស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍។

អ្នកស្រី ឃុន ម្លិះ ដែលជាសម្បទានិករស់នៅក្នុងភូមិ អូគគីរ ឃុំដារ ស្រុកចិត្របូរី ខេត្តក្រចេះ បានអោយដឹងថា អ្នកស្រី​និងប្រជាពលរដ្ឋដ៏ទៃទៀតនៅក្នុងសហគមន៍នេះទន្ទឹងរង់ចាំជាយូរមកហើយ ចំពោះប័ណ្ណកម្មសិទ្ធិដីធ្លីនេះ បន្ទាប់ពីបានមក​រស់នៅអស់រយៈពេលជាង៨ឆ្នាំមកនេះ។

អ្នកស្រីបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីនេះគឺជាកេរ្តិ៍មរតកដ៏មានតម្លៃក្នុងការកាន់កាប់ដីធ្លីប្រកបដោយសុវត្ថិភាព ហើយអាចយកទៅប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ បន្ទាប់ពីពួកគាត់បានអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវរបស់គម្រោង ហើយមួយគ្រួសារៗទទួលបានដីលំនៅដ្ឋានទំហំ២០ម៉ែត្រគុណ៥០ម៉ែត្រនិងដីកសិកម្មទំហំ១ហិចតា។ ឯកឧត្តមអភិបាលខេត្តបានអៈអាងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនេះបានជួយប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរដោយមានដីសាងសង់ផ្ទះសម្បែងរស់នៅសមរម្យនិងដីកសិកម្មសម្រាប់អនុវត្តការដាំដុះដំណាំដំឡូងមីសរីរាង្គ ស្វាយចន្ទី និងដំណាំរួមផ្សំដ៏ទៃទៀត ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានណែនាំអោយអោយប្រជាពលរដ្ឋដែលទទួលបានដីនិងប័ណ្ណកម្មសិទ្ធិដីធ្លីនេះមិនត្រូវយកទៅលក់ដូរនោះទេ ប៉ុន្តែត្រូវរក្សាវាអោយបានល្អសម្រាប់ការរស់នៅ និងទុកអោយកូនចៅតទៅមុខទៀត។ ឯកឧត្តមបន្ថែមថា ការរក្សាបានដីលំនៅដ្ឋាននិងដីកសិកម្មនេះ នឹងបានធានាការស្តារជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។
សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី ២នៅខេត្តក្រចេះបានអនុវត្តន៍នៅស្រុកចំនួន២គឺស្រុកចិត្តបូរី និងសុ្រកព្រែកប្រសព្វដោយមានប្រជាពលរដ្ឋជាសប្បទានិកចំនួន ២១១៩ គ្រួសារក្នុងនោះសម្បទានិកទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរួចរាល់មានចំនួន ៧៩៩គ្រួសារ ៕