លោក ត្រាំ ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់​ពង្រីកថវិកា សម្រាប់ជនរងគ្រោះ ៩/១១

AKP ភ្នំពេញ  ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​​មួយដែលពង្រីកថវិកា សម្រាប់ជនរងគ្រោះនៃការវាយប្រហារភេរវកម្ម​​ ថ្ងៃទី១១ ខែកញ្ញា។

ការចុះហត្ថលេខានេះ បានកត់សម្គាល់ពីការបញ្ចប់នៃការតស៊ូដ៏យូរអង្វែងមួយ ដើម្បី​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធទូទាត់សំណងជាអចិន្ត្រៃយ៍​ដល់បណ្តាអ្នករងគ្រោះដំបូង និងជនរង​គ្រោះ​ដទៃទៀត ដែលមានជំងឺដោយផ្សែងពុលនៅក្នុងថ្ងៃនោះ​ និងប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពី​ការវាយ​ប្រហារភេរវកម្មកាលពីឆ្នាំ២០០១ ។

មនុស្សជិត ៣.០០០នាក់​ត្រូវបានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសនៅក្នុងការវាយ​ប្រហារនោះ។ សេចក្ដីព្រាងច្បាប់នេះ​ ដែលបានទទួលការយល់ព្រមពីសភា ដោយមានការគាំទ្រទ្វេ​ភាគី​​កាល​ពី​ដើម​ខែនេះ គឺត្រូវបានធានារហូតដល់ឆ្នាំ ២០៩២៕

ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល)