វៀតណាមធ្វើបានយ៉ាងល្អប្រសើរក្នុងការបង្កើនទំនាក់ទំនងជាមួយឡាវ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៩ ខែកក្កដា សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong បានអះអាងថា ប្រទេសវៀតណាមនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីពង្រឹងសាមគ្គីភាពពិសេសជាមួយប្រទេសឡាវ។

លោកបានថ្លែងបែបនេះ នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចសម្រាប់ប្រធានមជ្ឈមណ្ឌលក្រុមប្រឹក្សាទ្រឹស្តី និងជាប្រធានក្រុមប្រឹក្សាជាតិឡាវសម្រាប់សង្គមវិទ្យាសាស្រ្តនៃគណៈកម្មការឃោសនា និងបណ្តុះ បណ្តាលនៃគណបក្សបដិវត្តប្រជាជនឡាវ (LPRP) លោក Kikeo Khaykham Phithoune ដែលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាមដើម្បីចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី៧ ក្រោមប្រធានបទ «ប្រព័ន្ធកសាងគណបក្ស និងនយោបាយក្នុងស្ថានភាពថ្មី»។

លោក Vuong បានអបអរសាទរចំពោះប្រទេសឡាវសម្រាប់សមិទ្ធិផលសំខាន់ៗរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំកន្លងមក ចាប់តាំងពីការចាប់ផ្តើមអនុវត្តន៍សេចក្តីសម្រេចនៃសមាជជាតិលើកទី១០ របស់ប្រទេសឡាវ។

ភាគីម្ចាស់ផ្ទះបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ LPRP ប្រទេសឡាវនឹងទទួលបានសមិទ្ធិផលកាន់តែច្រើនក្នុងការធ្វើកំណែទម្រង់របស់ខ្លួន ព្រមទាំងទទួលបានជោគជ័យក្នុងការធ្វើសមាជគណបក្សគ្រប់ជាន់ថ្នាក់ឆ្ពោះទៅសមាជជាតិលើកទី១១ ។

ថ្លែងអំពីកិច្ចសហការខ្ពស់រវាងគណៈកម្មការសម្រាប់ព័ត៌មាន និងអប់រំនៃគណៈកម្មាធិការមជ្ឈិម CPV និងគណៈកម្មការឃោសនា និងបណ្តុះបណ្តាលនៃ LPRP និងរវាងមជ្ឈមណ្ឌលក្រុមប្រឹក្សាទ្រឹស្តីទាំងពីរ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីលើកកម្ពស់ព័ត៌មាន និងការចែករំលែកបទពិសោធន៍ សិក្សាប្រធានបទនៃការយកចិត្តទុកដាក់ទៅវិញទៅមក និងបញ្ជាក់អំពីបញ្ហាបន្ទាន់ដែលប្រទេសនីមួយៗប្រឈមមុខ។

សម្រាប់ភាគីឡាវ លោក Phithoune បានជម្រាបដល់ម្ចាស់ផ្ទះអំពីលទ្ធផលនៃការងាររួមគ្នារវាង គណៈកម្មការទាំងពីរ និងរវាងក្រុមប្រឹក្សាជាតិសង្គមវិទ្យាសាស្ត្រឡាវ និងមជ្ឈមណ្ឌលក្រុមប្រឹក្សាទ្រឹស្តី។

លោកបានប្តេជ្ញាថា ភាគីទាំងពីរនឹងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយអំពីមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)