វៀតណាមគោរព នឹងអនុវត្តន៍យ៉ាងពេញលេញនូវអនុសញ្ញា UNCLOS ឆ្នាំ​១៩៨២

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩​ — ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចា និងការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ( UNCLOS ) ឆ្នាំ១៩៨២ នឹងបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តអនុសញ្ញានេះ។

ប្រទេសនេះមានឆ្នេរសមុទ្រប្រវែងជាង ៣.២៦០គីឡូម៉ែត្រ និងកោះរាប់ពាន់ រួមទាំងប្រជុំកោះ Hoang Sa (Paracel) និងកោះ Truong Sa (Spratly) ។

ដោយដឹងអំពីសារៈសំខាន់នៃសមុទ្រ ប្រទេសវៀតណាមជានិច្ចកាលបានប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅរបស់ UNCLOS ខណៈដែលកំពុងអនុវត្តន៍សកម្មភាពមួយចំនួនក្នុងការរួមចំណែកដល់ការអនុវត្តអនុសញ្ញានេះ។

មុនពេល UNCLOS ចូលជាធរមាន ប្រទេសវៀតណាមបានប្រើប្រាស់បទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់អន្តរជាតិដើម្បីកសាងឯកសារច្បាប់ក្នុងស្រុកស្តីពីសមុទ្រ។

ក្នុងឆ្នាំ ១៩៧៧ ប្រទេសវៀតណាមបានចេញសេចក្តីប្រកាសរបស់រដ្ឋាភិបាល ស្តីពីដែនទឹករបស់ប្រទេសវៀតណាម ដែលបានប្រកាសតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ ២០០ ម៉ាយល៍។

សេចក្តីប្រកាសនេះត្រូវបានចេញនៅពេលដែល UNCLOS កំពុងត្រូវបានចរចា ហើយវាត្រូវបានគាំទ្រដោយបណ្តាប្រទេសភាគច្រើននៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រលើកទី៣  ដែលឆ្លុះបញ្ចាំងអំពីការចូលរួមចំណែករបស់វៀតណាមក្នុងការបង្កើតច្បាប់អន្តរជាតិ។

ជាមួយនឹងសេចក្តីប្រកាសនេះ ប្រទេសវៀតណាមរួមជាមួយប្រទេសកេនយ៉ា មីយ៉ាន់ម៉ា គុយបាយេម៉ែន ដូមីនីកា ហ្គាតេម៉ាឡា ឥណ្ឌា ប៉ាគីស្ថាន ម៉ិកស៊ិកូ និង សីស្ហែល ត្រូវបានគេចាត់ទុកជាប្រទេសក្នុងចំណោមប្រទេសដែលឈានមុខគេក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចផ្តាច់មុខ» ច្បាប់ទំនៀមទម្លាប់អន្តរជាតិហើយក្រោយមកបានក្លាយជាខ្លឹមសារសំខាន់នៃ UNCLOS ។

ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ១០៧ ដែលបានចុះហត្ថលេខាលើអនុសញ្ញា UNCLOS នៅទីក្រុង Montego Bay នៃប្រទេសចាម៉ៃកា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានបើកចំហសម្រាប់ការចុះហត្ថលេខា ហើយប្រទេសនេះក៏ស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានផ្តល់សច្ចាប័នលើអនុសញ្ញានេះនៅមុនពេលវាចូលជាធរមានផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)