ឆមាសទី១នេះ សេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកបានថមថយ

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបន្តថមថយល្បឿនបន្ដិច ដោយសារការថយចុះនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា បានមកពីការគាំទ្រដោយកំណើនវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា កាលពីចុងសប្តាហ៍នេះ ឯកឧត្តមបានឲ្យដឹងថា ជញ្ជីងទូទាត់របស់កម្ពុជា មានស្ថានភាពល្អប្រសើរ និងបន្តមានអតិរេក៥,៥ភាគរយនៃផលិតផលសរុបក្នុងស្រុក ដែលត្រូវជាប្រមាណ៧៤១លានដុល្លារអាមេរិក។

ឯកឧត្តម អះអាងថា អតិរេកនេះនឹងបន្តរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដុល ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណ៥ខែទៅមុខទៀត ខណៈអត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប និងបានថយចុះមកត្រឹម២ភាគរយ ដោយសារការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ជាង៤.០០០រៀល ក្នុងមួយដុល្លារអាមេរិក និងការផ្គត់ផ្គង់រូបិយវត្ថុស្របតាមកំណើនសកម្មភាពសេដ្ឋកិច្ច។

ឯកឧត្តម បន្តថា រូបិយវត្ថុទូទៅ មានកំណើន ២១,៣ភាគរយ ប្រហាក់ប្រហែលនឹងអត្រាកំណើនឆមាសទី១ កាលពីឆ្នាំមុន។ ឯកឧត្តម មានប្រសាសន៍ថា «ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុឲ្យបានរឹងមាំ ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត តាមរយៈការដាក់ចេញនូវវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន កិច្ចការពារអតិថិជន និងការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់សាធារណជន»។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងការបន្តលូតលាស់នៃវិស័យសំណង់។អចលនទ្រព្យ និងទេសចរណ៍។ ប៉ុន្តែ ភាពមិនប្រាកដនៃភាពអនុគ្រោះនាំទំនិញចូលទីផ្សារអឺរ៉ុប សម្រាប់គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ»(EBA) ទំនងជានឹងអាចបន្ថយល្បឿននៃសេដ្ឋកិច្ចកម្ពុជានាពេលខាង ខណៈវិស័យសំណង់ និងអចលនទ្រព្យកាន់តែងាយធ្លាក់ក្នុងវដ្តស្ថានភាពឆាប់ប៉ោងហើយឆាប់ផ្ទុះបែកទៅវិញ។
ក្រុមសេដ្ឋវិទូរបស់ធនាគារពិភពលោក បានផ្តល់អនុសាសន៍ សម្រាប់កម្ពុជាឲ្យមានការបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគទៅលើមូលធនមនុស្ស ដើម្បីផ្តល់ជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាយូរអង្វែង៕