ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា៖   អត្ថបទ៖ អាត ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃស្អែកនេះ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអាស៊ានឲ្យកាន់តែស៊ីជម្រៅឡើងថែមមួយកម្រិតទៀត។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឯកឧត្តមប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំនៃជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជាមួយដៃគូសន្ទនាទាំង១០របស់អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានបូកបីលើកទី២០ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៩និងវេទិកាតំបន់អាស៊ានលើកទី២៦។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស គំនិតផ្តួចផ្តើមមេគង្គក្រោម លើកទី១២ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១០ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី៩ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១២។

សេចក្ដីប្រកាសព័ត៌មាន បន្ដថា ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់២០១៨-២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានជាមួយឯកឧត្តម វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ ក្នុងកិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយនិងនូវែលហ្សេឡង់ ។ ស្របពេលជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រវាងសាធារណរដ្ឋប៉េរូ និងសាធារណរដ្ឋអាហ្រ្វិកខាងត្បូង។

ជាមួយគ្នានេះ ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធី អាហារូបករណ៍សម្រាប់ថ្នាក់ដឹកនាំ វ័យក្មេងអាស៊ាន-ចិន និងគំនិតផ្តួចផ្តើមអាស៊ាន-អូស្រ្តាលី ប្រយុទ្ធប្រឆាំងនឹងការជួញដូរ។

សេចក្ដីប្រកាសព័ត៌មាន បានបន្តទៀតថា អំឡុងពេលស្នាក់នៅ ទីក្រុងបាងកក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ដូន ប្រាំម៉ូដវីណៃ រដ្ឋមន្រ្តីការបរទេសថៃ និងឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយ ឯកឧត្តម វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នូវែលហ្សេឡង់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកជំទាវ អ៊ីណេ ម៉ារី អេរិកសិន រដ្ឋមន្រ្តីការបរទេសន័រវែស ព្រមទាំងប្រមុខនៃគណៈប្រតិភូ នៃប្រទេសមួយចំនួនទៀតផងដែរ៕