ក្រុមទី២ នៃ សមាគម និស្សិត អាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទស្សនកិច្ចសិក្សានៅរដ្ឋសភា ក្រោមប្រធានបទស្ដីពី “តួនាទី និងភារកិច្ច របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា”

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រុមការងារគ្រប់គ្រង់និស្សិត អ.ម.ត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (ក្រុមទី២) ចំនួន១០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំដំណើរ ទស្សនកិច្ចសិក្សា ទៅកាន់រដ្ឋសភា ក្រោមប្រធានបទស្ដីពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា” ដែលដឹកនាំដោយ លោកឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានក្រុមការងារទី២ តំណាង លោកឧកញ៉ា ឡាវ វ៉ាន់ ប្រធានក្រុមការងារទី២ ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។

លោកឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានក្រុមការងារទី២ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងធំរួមមាន៖
– ផ្ដល់ឲ្យប្អូនៗនិស្សិត អ.ម.ត បានទទួលនូវចំណេះដឹងថ្មីៗ ស្ដីពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសមានឱកាស បានចូលទស្សនកិច្ចសា្ថប័នជាតិកំពូលរបស់ជាតិ ជាស្ថាប័នតំណាងអោយឆន្ទៈរាស្ត្រ ដែលកេីតចេញពីការបោះឆ្នោតដោយសេីរ និងយុត្តិធម៌ ។
-ផ្ដល់ឱកាសឲ្យប្អូនៗនិស្សិត អ.ម.ត បានចូលរួមក្នុងកិច្ចការសង្គម បន្ទាប់ពីការសិក្សានៅក្នុងសាលា និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមការងារទី២ ក្នុងការបង្កើតនូវកម្មវិធីថ្មីៗជូនដល់ប្អូនៗ ។

ព្រមជាមួយគ្នានោះ លោកឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានក្រុមការងារទី២ និងប្អូនៗនិស្សិត ចំនួន១០០នាក់ បានថ្លែងអំណរគុណលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញតអោយក្រុមការងារទី២ នៃសមាគម និស្សិត អាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទស្សនកិច្ចសិក្សា នៅរដ្ឋសភា ។

សាកលវិទ្យាល័យជាតិគ្រប់គ្រង បានផ្តល់អាហារូបករណ៍ ជូនសម្តេចចាប់តាំងពីឆ្នាំ២០០៨មក មកទល់បច្ចុប្បន្ននេះ និស្សិត អ. ម. ព. កំពុងសិក្សាគិតពីឆ្នាំ២០១៥-២០១៨ មានចំនួន៣៨៣នាក់ នៅក្នុងនោះ មាននារី២០២នាក់ និងមានអតីតនិស្សិត គិតចាប់ពីឆ្នាំ២០០៨ មកត្រឹមឆ្នាំ២០១៤ មានចំនួន៤៤៩
នាក់ នៅក្នុងនោះមាននារី២៥៥នាក់ ៕